(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារនៅស្រុកបារាយណ៍ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ បានបញ្ជាក់ថា អ្វីដែលត្រូវបន្តធ្វើនៅក្រោយការបោះឆ្នោត គឺបន្តជំរុញកសាងសមិទ្ធផលនានាតាមសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងបន្តការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងតម្លាភាព។

លោក ថោង ខុន បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨នេះ បានបង្ហាញថា ប្រជាពលរដ្ឋភាគច្រើនទូទាំងស្រុកបារាយណ៍ ក៏ដូចជាទូទាំងប្រទេស បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី។ លោកបញ្ជាក់ថា សំឡេងឆ្នាំ២០១៨ សម្រាប់ស្រុកបារាយណ៍ គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥,៣១៥សំឡេង កើនឡើង ២២,៧៤០សំឡេង ស្មើនឹង ៥៨.៨០% បើធៀបឆ្នាំ២០១៧ (៣៤,៧២១សំឡេង)។

លោក ថោង ខុន អះអាងថា ចំនួនប្រជាពលរដ្ឋច្រើនលើសលុបដែលអញ្ជើញទៅបោះឆ្នោត គឺជាការបង្ហាញថា ពួកគាត់គាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ហើយក៏ជាការវាយសំពងយ៉ាងខ្លាំងទៅលើអតីតក្រុមប្រឆាំង។ ប្រជាពលរដ្ឋបានបែងចែកបានច្បាស់លាស់ អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្ទុយស្រឡះពីនយោបាយបោកប្រាស់របស់ក្រុមអតីត CNRP។

លោក ថោង ខុន បានលើកឡើងថា កត្តាសំខាន់ដែលយើងទាំងអស់បានមើលឃើញនាំឱ្យសំឡេងគាំទ្រ CPP មានការកើនឡើងខ្ពស់សម្រាប់អាណត្តិនេះ គឺដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជាពិសេសការចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការិនីដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ការកសាងសមិទ្ធផលនានា រួមទាំងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគណបក្សមូលដ្ឋាន។ល។

លោក ថោង ខុន អះអាងថា តាមរយៈសម្តេច ហ៊ុន សែន ដែលចុះជួបដោយផ្ទាល់ជាមួយកម្មករ-កម្មការិនី រួមទាំងការផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ ក៏ដូចជាគ្រួសាររបស់ពួកគាត់មើលឃើញកាន់តែច្បាស់នូវគោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

យ៉ាងណាក៏ដោយ លោក ថោង ខុន បានផ្តល់អនុសាសន៍ដល់ក្រុមការងាររួមទាំងគណបក្សមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តជំរុញការងារនៅមូលដ្ឋានបន្ថែមទៀតដោយមិនត្រូវបន្ធូរដៃឡើយ។ ការងារសំខាន់ៗដែលធ្វើបន្តធ្វើ និងជំរុញធ្វើឱ្យបាននោះ គឺការងារកសាងសមិទ្ធផលនានាតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលយើងបានសន្យានៅមុនការបោះឆ្នោត។ ទន្ទឹមនោះការងារសំខាន់មួយទៀតដែលចាំបាច់ត្រូវជំរុញ និងធ្វើឱ្យមានប្រសិទ្ធភាពបំផុតនោះ គឺការបន្តផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធ និងតម្លាភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕