(ភ្នំពេញ)៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ជាក្រុមហ៊ុននាំមុខគេក្នុងការផ្សព្វផ្សាយ ជំរុញឲ្យមានការលើកកម្ពស់ចីរភាពផ្នែកធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ច តាមរយៈការអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ដើម្បីកាត់បន្ថយការបំផ្លាញបរិស្ថាន។ នេះបើយោងតាមខ្លឹមសារ ដែលខ្លួនបានបញ្ជាក់នៅចំពោះភ្ញៀវប្រមាណ ១០០០នាក់មកពីវិស័យឧស្សាហកម្ម និងរដ្ឋាភិបាល ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះ។

ក្នុងនាមជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេក្នុងតំបន់អាស៊ាន អេសស៊ីជី បានអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ក្នុងដំណើរការអាជីវកម្មក្រដាសវេចខ្ចប់របស់ខ្លួន ដែលផលិតក្រដាសភ្លីសម្រាប់ឡាំងក្រដាស។
ដំណើរការផលិតកម្មប្រព្រឹត្តទៅ ដោយការយកក្រដាសអេតចាយយកមកប្រើប្រាស់ឡើងវិញ ដោយផ្សំជាមួយនឹងវត្ថុធាតុដើមមួយចំនួន ដើម្បីផលិតចេញជាក្រដាសថ្មី ដូច្នេះ ដំណើរការផលិតនេះគឺត្រូវការវត្ថុធាតុដើមតិចតួចប៉ុណ្ណោះ។ ដូច្នេះ ក្នុងការផលិតក្រដាសចំនួន១ពាន់តោនជារៀងរាល់ថ្ងៃ ក្រុមហ៊ុនជួយធានាបានថា មិនមានការធ្វើឲ្យខូចបរិស្ថានពីសំណាក់ឧស្សាហកម្មនេះឡើយ ។
នេះជាការអនុវត្តមួយ ក្នុងចំណោមការអនុវត្តផ្សេងៗ ដែលអនុលោមតាមទស្សនទាន “សេដ្ឋកិច្ចវិលជុំ” ដែលក្រុមហ៊ុន អេសស៊ីជី ព្យាយាមអនុវត្ត ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេដែលអនុវត្តទស្សនទាននេះក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។

លោក រ៉ុងរ៉ូត រាំងស៊ីយូផាស ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា វាសំខាន់ណាស់ដែលត្រូវកាត់បន្ថយតម្រូវការធនធានធម្មជាតិ ដែលចេះតែកើនឡើង ដោយសារតែមានកំណើនប្រជាជននៅទូទាំងសកលលោក។ លោកបានថា «នៅពេលដែលធនធានធម្មជាតិត្រូវបានយកមកប្រើ នោះនឹងនាំឲ្យមានកាកសំណល់ជាច្រើនសន្ធឹកសន្ធាប់។ បច្ចុប្បន្ន ប្រជាជនថៃម្នាក់បន្សល់កាកសំណល់ ១,១ គីឡូក្រាមក្នុងមួយថ្ងៃ។ តាមពិតទៅ ៦០% នៃកាកសំណល់នេះ អាចយកមកប្រើប្រាស់ឡើងវិញបាន ប៉ុន្តែជាក់ស្ដែងកាកសំណល់ដែលយកមកប្រើប្រាស់ឡើងវិញ មានតែ ៣១%ប៉ុណ្ណោះ»

លោកបន្ថែមថា «សេដ្ឋកិច្ចវិលជុំ គឺជាទស្សនទានមួយ ដែលអាចនាំមកនូវដំណោះស្រាយត្រឹមត្រូវ។ ការអនុវត្តទស្សនទាននេះ ផ្ដល់លទ្ធភាពឲ្យពួកយើងអាចប្រើប្រាស់បរិមាណធនធានសមល្មមគ្រប់គ្រាន់ ដើម្បីសម្រេចឲ្យបាននូវទិន្នផល ដែលចង់បាន និងមិនបន្សល់កាកសំណល់សោះឡើយ នៅក្នុងដំណើរការផលិតកម្ម ការប្រើប្រាស់ និងការគ្រប់គ្រងពេលលែងប្រើប្រាស់។ ក្នុងនាមជាក្រុមហ៊ុនឯកជនមួយ អេសស៊ីជី មានគម្រោងធ្វើជាកម្លាំងចលករដ៏សំខាន់មួយ ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការអនុវត្ត ទស្សនទាន សេដ្ឋកិច្ចវិលជុំ និងលើកកម្ពស់ចីរភាពពិតប្រាកដសម្រាប់ផ្នែកបរិស្ថាន សង្គម និងសហគមន៍នានា»។

ទស្សនទានសេដ្ឋកិច្ចវិលជុំនេះ បានទាញចំណាប់អារម្មណ៍ទូទាំងសកលលោក ហើយក្រុមហ៊ុនអេសស៊ីជី កំពុងជំរុញការអនុវត្តទស្សនទាននេះ នៅក្នុងតំបន់អាស៊ាន រាប់បញ្ចូលទាំងនៅកម្ពុជាផង។ ក្រុមហ៊ុនបានអនុវត្តទស្សនទានសេដ្ឋកិច្ចវិលជុំនេះ តាមរយៈយុទ្ធសាស្រ្តគោលធំៗចំនួន៣៖

*កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ឫបង្កើនគុណភាពក្នុងការផលិត ដើម្បីឲ្យប្រើប្រាស់បានយូរ ឧទាហរណ៍ដូចជាកាតុងបៃតង ដែលប្រើវត្ថុធាតុដើមតិចជាងកាតុងធម្មតារហូតដល់ទៅ ២៥% ប៉ុន្តែនៅតែអាចប្រើបានយូរ។

*ការកែលម្អ និងការជំនួស៖ តាមរយៈការបង្កើតផលិតផលថ្មីដែលមានភាពច្នៃប្រឌិត ដើម្បីជំនួសឲ្យផលិតផលដែលមានស្រាប់ ឬប្រើវត្តុធាតុដើម ដែលផ្ដល់នូវប្រសិទ្ធភាពខ្ពស់ជាងមុន។

*ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ដើម្បីលើកកម្ពស់ការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញ។

តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រទាំងនេះក្នុងដំណើរការអាជីវកម្ម ក្រុមហ៊ុន អេសស៊ីជី អាចកាត់បន្ថយផលប៉ះពាល់ពីដំណើរការផលិតកម្ម និងផលិតផលរបស់ខ្លួនមកលើបរិស្ថាន។ នេះជាតឹកតាងបង្ហាញឲ្យឃើញ អំពីសេចក្តីតាំងចិត្តរបស់អេសស៊ីជី ដែលមានបំណងផ្ដល់នូវអនាគតកាន់តែប្រសើរ ដល់គ្រប់សហគមន៍ និងសង្គមទាំងអស់ ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម។
ខណៈដែលមានក្រុមហ៊ុនកាន់តែច្រើនឡើង នៅក្នុងតំបន់ កំពុងអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ»នេះ ដូច្នេះធ្វើឲ្យសង្គមនឹងទទួលផលប៉ះពាល់អវិជ្ជមានកាន់តែតិច។

ព្រមជាមួយនឹងការអនុវត្តបច្ចុប្បន្នរបស់អេសស៊ីជី ដូចជាការជីករ៉ែតាមវិធីសាស្ត្រ Semi-open Cut និងការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅតាមបណ្ដារោងចក្ររបស់ខ្លួន នោះធនធានព្រៃឈើ ដងភ្នំ បឹងបួរ និងធនធានធម្មជាតិផ្សេងទៀត អាចត្រូវបានអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ ៕