(ភ្នំពេញ)៖ ប្រទេសកម្ពុជាដ៏អភ័ព្វតែងទទួលរងការវាយប្រហារមិនចេះចប់មិនចេះហើយ។ សង្គ្រាមប្រវត្តិសាស្ត្រពីសម័យអង្គរ មកដល់ជំនាន់បច្ចុប្បន្ន និងការបំពារបំពានពី ប្រទេសតូចតាចជិតខាងគ្នា និងមហាអំណាចមួយចំនួនតូចខ្លះ នៅតែបន្តធ្វើឥទ្ធិពលដែលនាំអោយប្រទេសកំសត់មួយនេះ ទទួលរងសំពាធធំឬតូចគ្មានស្រាកស្រាន្ត នាំអោយបរទេសជាច្រើនអាចឆ្លៀតកេងចំណេញ និងទាញយកប្រយោជន៍ពីប្រទេសកម្ពុជា ខណៈខ្លួនកំពុងងើបទៅកាន់ចំណុចមួយរឹងមាំ និងមានភាពហ្មត់ចត់នៃ ការងារកសាងជាតិជូនប្រជាជន និងប្រទេសជាទីស្រឡាញ់របស់ខ្លួន។

ដោយមិនគិតដល់ការដាក់អាណានិគមដ៏ជូរចត់ ការជ្រៀតជ្រែកផ្ទៃក្នុងប្រទេសអធិបតេយ្យមួយដោយឡែកផ្សេងគ្នា និងវិធីហិង្សារផ្នែកសេដ្ឋកិច្ច ព្រមទាំងការដាក់គំនាបនៅលើ ផ្នែកនយោបាយ ប្រទេសកម្ពុជានៅតែជាប្រទេសនៃកូនទន្សាយតូចមួយខំប្រឹងប្រែងរស់ក្នុងហ្វូងចចក ខ្លារខិន និងតោកំណាចដែលកំពុងស្រេកឃ្លានអាហារគ្មានគ្មានទីបញ្ចប់។

ខ្សែជីវិតពោរពេញទៅដោយការតស៊ូនេះ បានជួយពង្រឹងដល់ស្មារតីនៃការតស៊ូពីប្រទេសខ្លាចស្លាប់ ទៅជាប្រទេសប្រឹងរស់ និងការពារខ្លួនបាន ដោយភាពរឹងមាំ និងមានមិត្តភក្តិរាប់អានច្រើន។ ការកែប្រែការឈឺចាប់ ធ្វើអោយកាន់តែចាប់ឈឺរបស់ប្រជាជាតិមួយនេះ ប៉ុន្តែប្រទេសមួយនេះនៅមានសំណាងខ្លាំងណាស់ ហើយមានមោទនភាពខ្ពស់ដែលមានអ្នកដឹកនាំរបស់ខ្លួនប្រកបដោយបទពិសោធន៍ល្អ និងជាមេទ័ពកំពូលក្នុងមហាសង្គ្រាមដែលក្រុមអមិត្ត ត្រូវដកថយនិងចុះចាញ់ជាបន្តបន្ទាប់។

ជោគជ័យច្រើនប៉ុណ្ណា ការវាយប្រហារច្រើនប៉ុណ្ណោះ។ ការច្រណែននិទ្ទា ការប្រឹងយកប្រៀបនិងការព្យាយាមកៀបកម្ពុជាអោយដូចកាកអំពៅ នៅតែជាយុទ្ធសាស្ត្រ ទុច្ចរិតរបស់អ្នកដែលមើលឃើញភាពខ្មៅកក្វក់របស់កម្ពុជា ទាំងខ្មែរគ្នាឯង និងជនបរទេស ដោយពួកគេដាក់ចេញជាលេសជាច្រើនដើម្បីតែបន្ទុច បង្អាក់ និងបង្កការរំខាន ធ្វើយ៉ាងណាឲ្យកម្ពុជាដើរក្នុងជំហ៊ានមួយដែលមិនលឿនពេក ងាយតាម ងាយធាក់ផ្តួល និងងាយជាន់មិនអោយងើបរួច។

គ្រាន់តែសន្តិភាពបានត្រឹមជាង២០ឆ្នាំសោះ ពួកប្រទេសមហាអំណាចអមិត្ត រួមមានប្រទេសអាមេរិក ជាមេខ្លោងធំ និងប្រទេសបរិវារ ដែលតាមទាញហែកច្រៀកញែកចែកជាប្រយោជន៍ នៅតែបន្តកៀបកកម្ពុជាតាមរបទថ្មីនៃសេដ្ឋកិច្ច និងនយោបាយដើម្បីបំពេញមហិច្ឆិតារបស់គេដោយគ្មានភាពខ្មាស់អៀនពីពិភពលោកដែលកំពុងសំឡឹងរកគេ និងបណ្តាសារដែល ព្រះជាម្ចាស់កំពុងស្រែកដាក់ពួកគេ។ សណ្តានចោរប្លន់ នៅតែជាចោរ ហើយសណ្តានជាបងធំ នៅតែមានចរិកយូកូង ហើយការបំផ្លិចបំផ្លាញនៅតែជាការបំភិតបំភ័យ ដែលប្រទេសកម្ពុជាត្រូវទទួលរកដោយពិបាកគេចផុត។

កម្ពុជាលំបាកពេកហើយ ប្រជាជនកម្ពុជាកាន់តែកំសត់ទៀត។ សន្តិភាពទទួលបានមកពីការលះបង់ជីវិត ញើសឈាម និងទឹកភ្នែក ត្រូវគេបំពានជាបន្តបន្ទាប់។ មានតែឆ្នាំ១៩៩៣ម្តងគត់ កម្ពុជាត្រូវបានគេកោតសរសើរពីលទ្ធផលនៃការបោះឆ្នោត នោះច្បាស់ណាស់ដោយសារថា ក្រុមអ៊ុនតាក់ជាអ្នកចាត់ចែង ហើយអ្វីដែលធ្វើដោយពួកគេ តែងតែល្អជានិច្ច។

នាឆ្នាំ១៩៩៨ ប្រទេសកម្ពុជាត្រូវបានប្រទេសមហាអំណាចខ្លះ ជាពិសេសអាមេរិកបន្តចោទប្រកាន់ថា បានរៀបចំការបោះឆ្នោតដោយមិនឈរលើគោលការណ៍ អព្យាក្រិត យុតិ្តធម៌ និងទទួលយកបាន ប៉ុន្តែមិនខ្វល់ពាក្យចាក់រុករបស់បរទេស អ្នកដឹកនាំកំពូលកម្ពុជានៅតែបន្តកែសម្រួល និងរៀបចំការអភិវឌ្ឍប្រទេសបានទៅដល់កំរិតមួយ ពិភពលោកចាប់អារម្មណ៍និងយកចិត្តទុកដាក់ និងមិនបានប៉ុន្មានអាណត្តិបន្តបន្ទាប់ ក្នុងឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជាគឺបន្តដឹកនាំប្រទេស ដោយបាត់បង់កៅអីជាច្រើនមួយចំនួនទៅបក្សផ្សេងៗទៀត។ ឆ្នាំ២០០៨ និង២០១៣ ប្រទេសកម្ពុជានៅតែមានលទ្ធភាពរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសពីប្រទេសជាមិត្ត។

គណបក្សប្រជាជននៅតែបន្តឈ្នះ ទោះបីការបាត់បង់នូវចំនួនអសនៈចំនួនច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជោគជ័យទាំងទឹកភ្នែកហើយ គណបក្សប្រជាននៅតែត្រូវគេមើលងាយជាចំហ ជេរប្រមាថ និងចោទបំផ្លើសទាំងអយុត្តិធម៌ដោយគណបក្សប្រឆាំងថា បានលួចសន្លឹកឆ្នោតទៀត។

ក្រៅពីនេះ ប្រទេសមហាអំណាចខ្លះនៅតែបន្ទរនិងផ្តល់ការគាំទ្រដល់បក្សប្រឆាំង កៀបសង្កត់គណបក្សប្រជាជន និងរដ្ឋាភិបាល អោយទទួលយកលក្ខខណ្ឌខ្លះដែលខុសបំណងពិតរបស់ប្រជាជនដែលស្រឡាញ់សន្តិភាពពិត។ ជាសំណាងប្រទេសមួយនេះនៅមានអ្នកដឹកនាំល្អ ពេញសមត្ថភាព និងជាមេទ័ពធំខ្លាំងលើគ្រប់សមរភូមិ ដែលលោកនៅខាំមាត់សង្កត់ចិត្ត ហើយបន្តរុញកម្ពុជាអោយរីកចម្រើនឈានទៅមុខគ្មានទីបញ្ចប់ ប៉ុន្តែអ្នកដឹកនាំរបស់បុរសម្នាក់នេះ លោកពិតជាលះបង់និងលំបាកពេកហើយ។

ប្រសិនបើស្ថានភាព និងស្ថានការណ៍នៅតែបន្តរបៀបនេះ កម្ពុជានឹងទទួលរងទុក្ខធំខ្លោចផ្សាររកទីបំផុតគ្មាន ហើយបើប្រជាជនកម្ពុជាមិនចេះសម្របសម្រួល បត់បែន និងបំភ្លេចចោលរឿងរ៉ាវឈឺចាប់ខ្លះ ហើយចាប់យកសណ្តានចិត្តល្អរបស់ប្រជាជនខ្លួនឯង សមិទ្ធិផលដែលមិនគួរមើលរំលង និងកិច្ចការទូតដ៏ប៉ិនប្រសព្វរបស់អ្នកដឹកនាំសព្វថ្ងៃ ពួកគេនឹងអាចទទួលរងនូវទឹកភ្នែក ច្រើនជាងស្នាមញញឹមនៅលើថ្ពាល់ដ៏ស្រស់ថ្លារបស់ពួកគេ និងកូនតូចៗជាទីស្រឡាញ់របស់គេ ហើយបើប្រជាជនខ្មែរទាំងឡាយមិនចេះបិទត្រចៀក និងបើកបេះដូងទទួលយកការពិតខ្លះទេ សម្រែកឡូរឡារ សម្លេងកងរំពងរំខាន និងភាសារថ្លែងការណ៍របស់បរទេសខ្លះលើដំណើរការបោះឆ្នោតរបស់ប្រជាជនកម្ពុជា នឹងក្លាយជាសម្លេងខ្លងខែកញែកបេះដូងខ្មែរអោយខ្លាតឆ្ងាយពីគ្នា ហើយសន្តិភាព និងអភិវឌ្ឍនៅតែជារនាំងដែលអាចរុញត្រឡប់កម្ពុជា ទៅភាពសោកសៅដ៏គួអោយខ្លោចផ្សាររកទីបំផុតគ្មាន។

បើមហាអំណាចពិតជាស្រឡាញ់សន្តិភាពនិងប្រជាធិបតេយ្យពិតមែន ពួកគេគួរងាកមកគាំទ្រសម្លេងប្រជាជនជាង៦លាននាក់ ស្មើជាង៨២.៨៩% ដែលបានធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ មានតម្លាភាព គ្មានការបំភិតបំភ័យ និងដោយការទទួលខុសខុសខ្ពស់ និងទទួលយកបានដើម្បីសម្រេចបន្តថែរក្សា និងជំរុញភ័ព្ទវាសនា នៃប្រទេសមួយនេះអោយមានកំណើតល្អទៅមុខ ហើយប្រជាជនរស់ក្នុងសុខដុមដូចប្រជាជាតិដ៏ទៃលើសកលលោកនេះ៕

ឃុន ប៊ុននី, ភ្នំពេញ,ថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨