(ភ្នំពេញ)៖ ប្រមាណជា២-៣ខែចុងក្រោយនេះ តម្លៃជ្រូករស់បានហក់ឡើងថ្លៃវិញហើយ បន្ទាប់ពីធ្លាក់ចុះប្រមាណ​ជា២-៣ឆ្នាំមកនេះ។ ការឡើងថ្លៃនេះ បានធ្វើឲ្យពលរដ្ឋដែលបោះបង់ការចិញ្ចឹមជ្រូក នាំគ្នាងាកមកប្រកបរបនេះឡើងវិញ។

តម្លៃជ្រូករស់នាពេលបច្ចុប្បន្ន មានតម្លៃចន្លោះពីជាង៨ពានរៀល និង៩ពាន់រៀលក្នុងមួយគីឡូ ខណៈកាលពីប៉ុន្មានឆ្នាំមុនតម្លៃត្រឹមតែ៥-៦ពាន់រៀលតែប៉ុណ្ណោះ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគមចិញ្ចឹមជ្រូក បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០១ ខែសីហា​ ឆ្នាំ២០១៨ថា «តម្លៃជ្រូករស់បានហក់ឡើងថ្លៃចាប់ពី២-៣ខែកន្លងមកនេះ ដោយឡើងក្នុងតម្លៃមួយមានការពេញចិត្ត និងស្រមស្របទៅនឹងការចង់បានរបស់ប្រជាកសិករ»

ការឡើងថ្លៃនៃតម្លៃជ្រូកនេះ ត្រូវបានលោក ស៊្រុន ពៅ បញ្ជាក់ថា ដោយសារតែការចិញ្ចឹមជ្រូកនៅប្រទេសវៀតណាម ដែលធ្លាប់នាំចូលមកកម្ពុជាច្រើនជួបបញ្ហា មិនអាចនាំចូលកម្ពុជាបានចំនួនច្រើនទៀត។ លោកថា ពេលនេះជ្រូករបស់វៀតណាម នាំចូលមកម្ពុជាតិចតួច ហើយមានតែជ្រូករបស់ថៃប៉ុណ្ណោះដែលនាំចូលមកកម្ពុជាច្រើន ដូច្នេះទើបជំរុញឲ្យជ្រូកកម្ពុជាឡើងថ្លៃ និងទាក់ទាញបានការចិញ្ចឹមច្រើន។

លោកថា បច្ចុប្បន្ននេះប្រជាកសិករ ដែលបោះបង់មុខរបរចិញ្ចឹមជ្រូក បាននាំគ្នាសម្រុកចិញ្ចឹមវិញហើយ ប៉ុន្ដែការចិញ្ចឹមនេះ​នៅមានតិចតួចនៅឡើយ ព្រោះថាកាលពីតម្លៃជ្រូកចុះថោកពួកគាត់បានលក់មេជ្រូក និងឈប់ចិញ្ចឹមជ្រូកប្រមាណ​៥០ភាគរយ តែដល់ពេលចង់ចិញ្ចឹមឡើងវិញ គ្មានកូនជ្រូកចិញ្ចឹមគ្រប់គ្រាន់ឡើយ។

តែយ៉ាងណា លោក ស៊្រុន ពៅ បញ្ជាក់ថា តម្លៃនេះមិនអាចរំពឹងស្ថិតស្ថិររហូតបានឡើយ ព្រោះត្រូវពឹងផ្អែកទៅលើតម្លៃរបស់ប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាមជាដើម​ មានន័យថា ប្រសិនបើតម្លៃជ្រូកនាំចូលពី
ប្រទេសថៃ-វៀតណាម មានតម្លៃថោក ទីផ្សារជ្រូកក្នុងប្រទេសកម្ពុជា ក៏ចុះថោកដូចគ្នាដែរ។

លោកបានបញ្ជាក់ ស្ថានភាពទីផ្សារជ្រូករស់នៅកម្ពុជា ស្ថិតក្នុងតម្លៃចន្លោះពី៨,៥០០រៀល​ ទៅ៩,២០០រៀល ដោយឡែកសម្រាប់តម្លៃនេះ អ្នកចិញ្ចឹមជ្រូកអាចទទួលផលចំណេញ ហើយមិនទាន់ឃើញសញ្ញាមួយណា ប៉ះពាលដល់អ្នកទទួលទានឡើយ។

អ្នកស្រី ឡេង សុខឃីម ប្រជាសិករចិញ្ចឹមជ្រូក រស់នៅក្នុងខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា តម្លៃជ្រូករស់នាពេលនេះ ពិតជាសមស្រប និងអាចទទួលយកបាន ដោយលក់បានតម្លៃរហូតដល់៩២០០រៀលក្នុង១គីឡូ ខណៈដែលកាល​ពីមុន​លក់បានត្រឹមតែ៥៥០០-៦០០០រៀលតែប៉ុណ្ណោះ។

អ្នកស្រីបានបន្ដទៀតថា «តម្លៃនេះអាចទទួលយកបាន ហើយខ្ញុំសូមអំពាវនាវឲ្យឡើងថ្លៃប្រមាណ៨០០រៀលបន្ថែមទៀត ឲ្យគ្រប់១ម៉ឺនរៀលក្នុងមួយគីឡូ តែប្រសិនបើមិនអាចឡើងទេ សូមរក្សាតម្លៃនឹងឲ្យបានស្ថិតស្ថិរ ព្រោះថាប្រជាកសិករ រំពឹងទៅលើការចិញ្ចឹមសត្វ និងធ្វើស្រែចំការ តែបើតម្លៃសត្វចិញ្ចឹមចុះថ្លៃ ធ្វើឲ្យមានការពិបាកបន្ដិចដែរ ព្រោះត្រូវចំណាយ​ទុនច្រើន និងកំលាំងច្រើន តែទទួលបានផលមកវិញតិចតួចនោះ»