(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) បានអនុម័តលើយុទ្ធសាស្ត្ររយៈពេលវែងថ្មី របស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រឆ្នាំ ២០៣០ ដោយបានដាក់ចេញនូវ ចក្ខុវិស័យទូលំទូលាយ និងការឆ្លើយតប ជាយុទ្ធសាស្ត្ររបស់ស្ថាប័ននេះ ចំពោះការវិវត្តនៃតម្រូវការរបស់អាស៊ី និងប៉ាស៊ីហ្វិក។

បើតាមសេចក្ដីប្រកាសព័ត៌មានរ​បស់ ADB ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ លោក Takehiko Nakao ប្រធាន ADB បានថ្លែងថា «អាស៊ី និងប៉ាស៊ីហ្វិក បានសម្រេចនូវវឌ្ឍនភាពយ៉ាងធំធេង ក្នុងរយៈពេលពាក់កណ្ដាលសតវត្សរ៍ចុងក្រោយនេះ លើការការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច ប៉ុន្តែក៏នៅមានរបៀបវារៈអភិវឌ្ឍន៍ ដែលពុំទាន់បានបញ្ចប់ទាំងស្រុង នៅឡើយផងដែរ»។

ប្រធាន ADB រូបនេះ បានបន្ថែមទៀតថា ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ២០៣០នេះ យើងនឹងរួមបញ្ចូលធនធានហិរញ្ញវត្ថុ ចំណេះដឹង និងភាពជាដៃគូ ដើម្បីធានានិរន្តរភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង សំដៅលុបបំបាត់ ភាពក្រីក្រធ្ងន់ធ្ងរ និងពង្រីកចក្ខុវិស័យរបស់យើង ដើម្បីឈានទៅបង្កើតតំបន់មួយ ប្រកបដោយវិបុលភាព បរិយាបន្ន ប្រកបដោយភាពធន់ និងចីរភាព។

លោក បានលើកឡើងថា បំណងប្រាថ្នារបស់ ADB មានទិសដៅស្របគ្នា ជាមួយនឹងការប្ដេជ្ញាចិត្តជាសកលធំៗ ដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របៀបវារៈហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌសិនដៃ សម្រាប់កាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ។

លោកបានគូសបញ្ជាក់ថា ការសម្រេចការប្ដេជ្ញាចិត្តទាំងនេះ ពឹងអាស្រ័យយ៉ាងខ្លាំង លើភាពជោគជ័យរបស់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយសារតែទំហំរបស់តំបន់នេះ។ យុទ្ធសាស្ត្រ ២០៣០ ទទួលស្គាល់ថា របៀបវារៈអភិវឌ្ឍន៍សកល ប្រកបដោយមហិច្ឆតាបែបនេះ ត្រូវតម្រឹមឲ្យស្របតាមកាលៈទេសៈជាក់លាក់ តាមប្រទេសនីមួយៗ។

តាមរយៈការអនុវត្ដយុទ្ធសាស្ត្រ ឆ្នាំ២០៣០នេះ ADB នឹងពង្រឹងវិធីសាស្ត្រអនុវត្តការងារ សម្រាប់ប្រទេសនីមួយៗ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងអនុវត្តអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដែលបញ្ចូលជំនាញឯកទេស ពីតាមវិស័យ និងប្រធានបទផ្សេងៗជាមួយគ្នា តាមរយៈប្រតិបត្តិការវិស័យសាធារណៈ និងវិស័យឯកជនចម្រុះរួមគ្នា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលមានខ្លឹមសារទាំងស្រុង៖