(ភ្នំពេញ)៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលបច្ចុប្បន្ន និងជាបេក្ខនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦នោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោតកុំរើសអើងគ្នា ដែលអាចននាំឲ្យមានជម្លោះនឹងគ្នា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដូច្នេះក្នុងពេលអញ្ជើញចុះជួបសំណេះសំណាលជាថ្មីជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅតំបន់លូប្រាំក្នុងខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨នេះ។ ក្នុងកិច្ចសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភខ្លាចមានការរើសអើងគ្នារវាងប្រជាពលរដ្ឋបានទៅបោះឆ្នោត និងមិនបានទៅបោះឆ្នោត ដែលអាចនាំឲ្យមានជម្លោះនឹងគ្នានៅតាមភូមិឃុំ និងនៅតាមសហគមន៍ជាដើម។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអង្វរកចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះកម្មករ កម្មការិនីរបស់យើងមិនត្រូវធ្វើការរើសអើងណាមួយចំពោះអ្នកដែលបានទៅបោះឆ្នោត និងអ្នកដែលមិនបានទៅបោះឆ្នោតនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «អ្នកបានទៅបោះឆ្នោតមានជាង ៨២ភាគរយ អ្នកដែលមិនបានទៅបោះឆ្នោតជិត ១៨ភាគរយ ដូច្នេះសូមមេត្តាខន្តី សូមមេត្តាយោគយល់គ្នា។ តែសុំអ្នក១៨ភាគរយ សុំកុំប្រមាថចំពោះអ្នក៨២ភាគរយថា ជាជនជាតិបរទេស រីឯអ្នក៨២ភាគរយ ដែលបានទៅបោះឆ្នោត សុំកុំប្រកាន់ជាមួយអ្នកមិនបានទៅបោះឆ្នោត ដោយហេតុផលផ្សេងៗគ្នា។ ទោះបីហេតុផលដោយធុរៈផ្ទាល់ខ្លួន និងដោយកត្តានយោបាយក៏ដោយចុះមេត្តាសុំកុំធ្វើការរើសអើង និងការស្អប់ខ្ពើមគ្នា ដែលអាចបង្កើតឲ្យមានជម្លោះនៅតាមភូមិឃុំ ក៏ដូចជាជម្លោះនៅតាមសហគមន៍នានា រាប់ទាំងជម្លោះនៅតាមរោងចក្រដែលមើលមុខគ្នាមិនត្រង់»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅបោះឆ្នោតមានប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។
សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្តក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនកម្ពុជាយកអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥អាសនៈតែម្តង៕