(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ មិនត្រឹមតែជាការជោគជ័យនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែវាក៏ជាជោគជ័យលើយុទ្ធនាការ «ដេកផ្ទះឈ្នះឯង» របស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិផងដែរ។

ពីលើវេទិកាបើកកិច្ចសំណេះសំណាលជាថ្មីជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅតំបន់លូ៥ ក្នុងខណ្ឌមានជ័យនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់ ដែលបានចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានហៅការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរដែលមានអត្រារហូតដល់ទៅ ៨២.៨៩ភាគរយនេះ គឺជាការបង្ហាញឆន្ទៈគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោតទាំងទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត ដែលកំពុងជាប់ការហាមឃាត់មិនឲ្យធ្វើនយោបាយនោះ បានធ្វើយុទ្ធនាការ «ដេកផ្ទះឈ្នះឯង» ដោយអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ តែយុទ្ធនាការនេះមិនបានទទួលជោគជ័យនោះឡើយ ព្រោះនៅថ្ងៃបោះឆ្នោតប្រជាពលរដ្ឋច្រើនលើសលុបបានចេញទៅបោះឆ្នោត ដោយមិនបានស្តាប់ការអំពាវនាវនេះឡើយ សូម្បីតែអ្នកធ្លាប់បោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣។

របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅបោះឆ្នោតមានប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។

ក្នុងសារនយោបាយជាសាធារណៈលើកដំបូងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «យុទ្ធនាការ [ដេកផ្ទះឈ្នះស្អាត] ត្រូវបានបរាជ័យរួចស្រេចទៅហើយ។ ប្រជាជនកម្ពុជានៅទូទាំងប្រទេសជាង ៨២ភាគរយ បានចេញទៅធ្វើការបោះឆ្នោតបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជារបស់យើងបានគាំទ្រនូវដំណើរលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនពេញលេញ»។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានចាត់ទុកការធ្វើយុទ្ធនាការនេះ គឺជាគណនាលេខខុស ហើយក៏ជាភាពល្ងង់ខ្លៅផ្នែកនយោបាយរបស់អ្នកនយោបាយផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ព្រោះតែភាពល្ងង់ខ្លៅនេះ ទើបធ្វើឲ្យអតីតមេដឹកនាំបក្សប្រឆាំង ដែលសម្តេចសំដៅដល់លោក សម រង្ស៊ី តែងតែបរាជ័យលើសង្វៀននយោបាយ។

សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ៣៣ឆ្នាំមកហើយនោះ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «អ្នកដែលបានធ្វើយុទ្ធនាការ ហើយក៏បានចាត់ទុកថាវាជាជាការគិតលេខខុសហើយ។ នេះជាអំពើល្ងង់មួយក្នុងចំណោមអំពើល្ងង់ដែលគេមិនអាចនឹងក្លាយទៅមេដឹកនាំគណបក្សនយោបាយមួយដ៏ជោគជ័យមួយបានទេ។ បើសិនជាចរិតឫកពាបែបនេះ កុំថាឡើយដឹកនាំបក្សនយោបាយឈានទៅរកជោគជ័យ និងកាន់កាប់គ្រប់គ្រងប្រទេស សូម្បីតែគ្រប់គ្រងក្រុមហ៊ុនមួយក៏មិនអាចធ្វើទៅរួចដែរ រោងចក្រមួយក៏មិនអាចធ្វើទៅរួចដែរ។ ពួកគេគិតស្មានថា សន្លឹកឆ្នោតដែលប្រជាពលរដ្ឋធ្លាប់បោះឲ្យគេនោះ ជាកម្មសិទ្ធិផ្តាច់មុខរបស់គេ»

បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីមកពីគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការចូលរួមការពារនូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ