(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំមន្ទីរពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១២០គ្រួសារ ដែលបានជម្លៀសទៅទីទួលសុវត្ថិភាព និងចាក់វ៉ាក់សាំងដល់សត្វគោ-ក្របីចំនួន ១០០០ក្បាល ស្ថិតក្នុង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បានឲ្យដឹងថា ក្នុងឱកាសចុះសួរសុខទុក្ខពលរដ្ឋនេះ សាលាខេត្តបានផ្ដល់ធុងចម្រោះទឹកក្នុង ១គ្រួសា ទទួលបាន១ធុង។ ហើយមន្ទីរសង្គមកិច្ច បានឧបត្ថមក្នុងមួយគ្រួសារៗ​ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ភួយ១, ត្រីខ១យួរ, និងអំបិល៣កញ្ចប់។

ជាមួយគ្នានេះ មន្ទីរសុខាភិបាល បានឧបត្ថមក្នុង១គ្រួសារ ទទួលបានមុង១ និងថ្នាំពេទ្យផងដែរ។ ចំណែកឯមន្ទីរកសិកម្ម ផ្តល់វ៉ាក់សាំងគោ-ក្របីចំនួន ១០០០ក្បាល និងថ្នាំព្យាបាលចំនួន ២០ដប ហើយកាកបាទក្រហមសាលាខេត្តក្រចេះ បានឧបត្ថម្ភតង់ចំនួន ៣០តង់។

ក្នុងនោះដែរលោក វ៉ា​ ថន បានបញ្ជាឲ្យអាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដោយត្រៀមលក្ខណៈ សម្ភារ និងមធ្យោបាយដឹកជញ្ជូនជាប្រចាំទុកសម្រាប់គ្រាមានអាសន្នបន្ទាន់។ លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ពេលដេកត្រូវចង់មុងឲ្យបានគ្រប់គ្នា បង្ការមុសខាំបណ្ដាលឲ្យមានកើតជំងឺគ្រុនចាញ់ ឬគ្រុនឈាម៕