(ភ្នំពេញ)៖ ថ្លែងពីលើវេទិកាក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ​ក្នុងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នៅអំឡុងខែតុលា ឆ្នាំ២០១៨ខាងមុខនេះ សម្ដេចនឹងអញ្ជើញចូលរួមប្រជុំអាស៊ីអឺរ៉ុប និងប្រជុំអាស៊ានអឺរ៉ុប។

បើតាមសម្ដេចតេជោ ហ៊ុន សែន ដំណើរចូលរួមកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ ប្រធានស្នងការអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុប ដែលបានលិខិតចំនួន២ច្បាប់​ជូនសម្ដេច ហើយក្រៅពីនោះសម្ដេចក៏នឹងអញ្ជើញ​បំពេញទស្សនកិច្ចនៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបផងដែរ។

​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនពីកាលបរិច្ឆេទ ប្រធានស្នងការអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជូនលិខិត២ មកកាន់ពូ ដោយទី១៖ អញ្ជើញចូលរួមប្រជុំអាស៊ីអឺរ៉ុប និងទី២៖ អញ្ជើញប្រជុំអាស៊ានអឺរ៉ុប។ ពូបានឆ្លើយយល់ព្រមហើយ ព្រមចេញដំណើរពីទីក្រុងភ្នំពេញ ទៅប៊្រុចហ្សែល ប្រទេសប៊ែលហ្ស៊ិច នៅល្ងាចថ្ងៃទី១៧ ខែតុលា»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា ថ្ងៃទី១៨-១៩ គឺសម្ដេចនឹងចូលរួមប្រជុំអាស៊ីអឺរ៉ុប និងអាស៊ានអឺរ៉ុប ដល់ថ្ងៃទី២០ និងថ្ងៃទី២២ សម្ដេចនឹងទស្សនៈកិច្ចនៅប្រទេសតួកគី។ លុះ​ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សម្ដេចត្រូវបកចេញដំណើរទៅប្រទេសស្វីស ដើម្បីចូលរួមប្រជុំសន្និសីទអន្ដរជាតិ ស្ដីពីពាណិជ្ជកម្ម នៅទីក្រុងហ្សែវណែវ។

ការប្រកាសឲ្យដឹងពីកាលបរិច្ឆេទមុនយ៉ាងដូច្នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គឺដើម្បីឲ្យអ្នកនៅខាងអឺរ៉ុប ដែលមាននិន្នាការនយោបាយប្រឆាំង​ ត្រៀមធ្វើបាតុកម្មប្រឆាំងជាមួយសម្ដេច។ សម្ដេចបានឌឺដងបន្ថែមថា តាមធម្មតាដែលធ្វើបាតុកម្មប្រឆាំងសម្ដេចនៅប្រទេសនានា មិននឹង១០ភាគរយ នៃអ្នកដែលមកជួបគាំទ្រសម្ដេចនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «​បើយោងទៅលើប្រតិទិននេះ គ្រាន់តែជម្រាបឲ្យហើយ ដើម្បីឲ្យអ្នកនៅខាងអឺរ៉ុប​ត្រៀមធ្វើបាតុកម្មប្រឆាំងខ្ញុំតទៅទៀត ហើយអ្នកដែលត្រូវមកជួបជាមួយខ្ញុំ ក៏ត្រៀមរៀបចំដើម្បីជួបខ្ញុំផងដែរ ព្រោះធម្មតាអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ នៅតាមប្រទេសនានា មិនបានស្មើនឹង១០ភាគរយ នៃអ្នកដែលមកជួបគាំទ្រខ្ញុំទេ រាប់ទាំងទៅអូស្ដ្រាលីចុងក្រោយ។ គេថាមហាបាតុកម្ម មហារុយៗ មិនបានមនុស្ស១០០នាក់ផង រួចហើយទៅជ្រកកោនជាមួយវៀតណាមផង ជាមួយភូមាផង ជាមួយថៃផង ជាមួយឡាវ ដើម្បីទៅថតរូបមើលទៅឃើញបានច្រើន ឯពូនេះត្រូវគេចាប់ថើមឲ្យពេញផ្លូវ»។​

សូមជម្រាបថា ចំពោះវត្តមានរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅពេលដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅបរទេសម្ដងៗ ឬទស្សនៈកិច្ចនោះ គេតែងសង្កេតឃើញថា មានអ្នកគាំទ្រ និងចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់មន្ដ្រីជាន់ខ្ពស់នៃបណ្ដាប្រទេសទាំងនោះ និងពលរដ្ឋខ្មែរដែលរស់នៅទីនោះផងដែរ៕​