(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការបញ្ចៀសទាន់ពេលវេលានូវសង្រ្គាមក្នុងប្រទេសកម្ពុជា។

ការប្រកាសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានា នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីលើកដំបូង ក្រោយបោះឆ្នោតជ្រើសតំណាងតំណាងរាស្រ្ត អាណត្តិទី០៦។

ថ្លែងទៅកាន់កម្មករ កម្មការិនីតជាង១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពប្រទេសកម្ពុជា ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី០៦ ដោយមិនបានធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣។ សម្តេចបានលើកឡើងថា ស្ថានភាពល្អប្រសើរពេលនេះ ដោយសារតែការរំលាយចោលនូវគណបក្សសង្រ្គោះជាតិ ដែលចង់បង្កើតសង្រ្គាមនៅកម្ពុជាជាថ្មី ហើយជារឿងត្រឹមត្រូវណាស់ ដែលមេបក្សនេះមិននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សមមុខហើយដែលព្រាត់ប្រាស់ទៅ សមមុខហើយដែលគេរំលាយចោលនោះ ហើយការរំលាយចោលនោះ គឺជាការបញ្ចៀសសង្រ្គាមនៅកម្ពុជា​»

សម្តេចបានលើកឡើងថា កាលពីឆ្នាំ២០១៣ ស្ថានភាពប្រទេសកម្ពុជាបានបាត់បង់សណ្តាប់ធ្នាប់ រញ៉េរញ៉ៃ ដែលបង្កឡើងដោយក្រុមប្រឆាំង អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយបើសិនជាសម្តេចគ្រប់គ្រងស្ថានការណ៍មិនបានទេនោះ សង្រ្គាមអាចនឹងកើតមានពេលនោះតែ​ម្តង។

សម្តេចបញ្ជាក់ទៀតថា៖ «ពេលនោះ បើខ្ញុំគ្រប់គ្រងសភាពការណ៍មិនបាន ផ្ទុះអាវុធបាត់ទៅហើយ សង្រ្គាមនឹងផ្ទុះដោយសារគេ (គណបក្សសង្រ្គោះជាតិ) ដុតឡាននៅស្ទឹងមានជ័យ ហើយម្យ៉ាងទៀតគេគ្រប់គ្រងទៅលើស្ថានីយ៍បោះឆ្នោតមួយចំនួនតាំងពីម៉ោង១២ ក៏ប៉ុន្តែខ្ញុំឱ្យរក្សាភាពស្ងប់ស្ងៀមកុំតបត។ បន្ទាប់ពីនោះ តាំងពីខែ០៧ ឆ្នាំ២០១៣ រហូតដល់ខែមករា ឆ្នាំ២០១៤ ប្រជាជននៅភ្នំពេញបានសុខសប្បាយដូចសព្វថ្ងៃនេះទេ គឺអត់ទេដោយសារតែអាមេរោគបង្កើតសង្គ្រាម។ ពេលនោះវានៅ ឥឡូវវាអត់។ អញ្ចឹងអានេះសមតែងាប់អញ្ចឹងមែន បើវារស់ប្រហែលជាសង្រ្គាមនឹងកើតមានពិតប្រាកដ»

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកាត់ទោសរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីធ្លាយនូវភស្តុតាង ដែលគណបក្សនេះឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការបង្គាប់បញ្ជារបស់បរទេស ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែមប៊ី។ លោក កឹម សុខា ប្រធានគណបក្សនេះ ដែលសារភាពអំពីការឃុបឃិតគ្នានេះ ក៏ត្រូវតុលាការឃុំខ្លួនផងដែរ៕