(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងបន្ថែមថា មកដល់ថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង បាននិងកំពុងបន្ដស្រកចុះ ហើយខេត្តនៅក្រោមផ្សេងទៀតរួមមាន៖ ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក៏បន្ដស្រកដូចគ្នាដែរ។ នេះបើតាម​លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃនេះ។

បើតាមលោក ចាន់ យុត្ថា នៅថ្ងៃទី០១ ខែសីហាម្សិលមិញ ស្ថានភាពទឹកនៅខេត្តស្ទឹងត្រែងមានកម្ពស់១០.៩៣ម៉ែត្រ ដែលមកដល់ម៉ោង៧ព្រឹកមិញ ស្រកមកនៅ១០.៨០ម៉ែត្រ ហើយមកដល់ពេលនេះ ទឹកបាននិងកំពុងបន្តស្រកទៀត។ ដោយឡែកនៅខេត្តក្រចេះវិញ នៅម៉ោង៧ព្រឹកមិញ ទឹកមានកម្ពស់២១.៨២ម៉ែត្រ ហើយមកដល់ម៉ោងនេះ ស្ថានភាពទឹកនេះ ក៏បាននិងបន្ដស្រកជាបន្ដបន្ទាប់។

អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីស្ថានភាពទឹកទន្លេមេគង្គ ព្រោះទឹកនឹងបន្ដស្រកចុះជាបន្ដបន្ទាប់។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨​ ធ្លាប់បានព្រមានពីការកើនឡើងកម្ពស់ទឹកទន្លេមេគង្គបន្ដទៀត នៅខេត្តស្ទឹងត្រែង ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៅមុខ ដែលធ្វើឲ្យតំបន់ទំនាបមួយចំនួន ត្រូវបានជន់លិច ប៉ុន្ដែមិនបានប៉ះពាល់ដល់ក្រុងស្ទឹងត្រែងនោះឡើយ ព្រោះមានទំនប់ការពារទឹកជំនន់។

លោក ចាន់ យុត្ថា​ អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រុងស្ទឹងត្រែង ដែលទឹកកំពុងជន់លិចនៅពេលនេះ មិនបណ្ដាលមកពីទឹកទន្លេមេគង្គ ដែលមានការកើនឡើងនោះឡើយ ពោលការជន់លិចនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់១១២.៥មីលីម៉ែត្រ៕