(តាកែវ)៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ក្រោមវត្តមាន លោក កៅ ឆែ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ គេសង្កេតឃើញមន្រ្តីថ្នាក់ប្រធានមន្ទីរស្ថាប័នមួយចំនួន ដែលចូលរួមនៅក្នុងកិច្ចប្រជុំនោះ ដែលមានទូរស័ព្ទដៃទំនើបៗ បាននាំគ្នាលេងហ្វេសប៊ុក និងមួយចំនួនទៀត បានលេងហ្គេម ខណៈអ្នកខ្លះទៀត បានដាក់កាស់ស្ដាប់បទចម្រៀងយ៉ាងរំភើយ មិនព្រមស្ដាប់ការលើកឡើងរបស់សមាជិកក្រុមប្រិក្សាខេត្តនោះទេ។ នេះជាការលួចប្រាប់ពីមន្រ្តីសាលាខេត្តតាកែវមួយរូប បានទម្លាយមកដល់ ភ្នាក់ងារព័ត៌មាន Fresh News។

នេះមិនមែនជាលើកទីមួយទេ ដែលមន្រ្តីជាប្រធានមន្ទីរស្ថាប័នមួយចំនួននៅខេត្តតាកែវ មិនយកចិត្តទុកដាក់ ពីកិច្ចប្រជុំ ឬស្ដាប់ការលើកឡើងរបស់សមាជិកក្រុមប្រិក្សាខេត្ត នូវបញ្ហាអសកម្ម មួយចំនួន របស់មន្ទីរស្ថាប័ន ដែលទាមទាឲ្យមានការកែប្រែឡើងវិញ។

ស្ទើតែរាល់កិច្ចប្រជុំនានា គេសង្កេតឃើញមន្រ្តីធំៗទាំងនោះ ចូលមកដល់កន្លែងប្រជុំ គឺទាញទូរស័ព្ទមកឆែកហ្វេសប៊ុក ឬលេងហ្គេម មិនខ្ចីស្ដាប់ការលើកឡើងរបស់ប្រធានអង្គប្រជុំ ហើយមានប្រធានស្ថាប័នខ្លះដូចជា​៖ លោក ពៅ ពុត្រា ប្រធានពន្ធដារខេត្តតាកែវជាដើម ថែមទាំងបានលួចចេញមុនម៉ោងរាល់ដងថែមទៀតផង។

ទង្វើមិនគួគម្បីរបស់ប្រធានមន្ទីរស្ថាប័នមួយចំនួន ក្នុងខេត្តតាកែវបែបនេះ ជាគំរូដ៏អាក្រក់មួយ ដែលថ្នាក់ដឹកនាំខេត្តតាកែវ ជាពិសេសលោកអភិបាលខេត្ត គួរតែមានវិធានការណ៍រដ្ឋបាល តាមរយៈការស្ដីបន្ទោស ឬព្រមានចំពោះមន្រ្តីអស់នោះឲ្យកែប្រែឥរិយាបទឡើងវិញ ពោលរាល់កិច្ចប្រជុំ ត្រូវត្រងត្រាប់ស្ដាប់ការលើកឡើងរបស់ប្រធានអង្គប្រជុំ ដើម្បីយកបញ្ហាដែលអង្គប្រជុំលើកឡើង ពាក់ព័ន្ធទៅ និងបញ្ហាអ្វមួយ ឬចំស្ថាប័នរបស់ខ្លួន ទៅកែប្រែឲ្យមានភាពប្រសើរឡើងវិញ។

ប្រសិនបើលោកអភិបាលខេត្តតាកែវ មិនធ្វើការអប់រំ ឬមានវិធានការណ៍រដ្ឋបាលចំពោះមន្រ្តីគំរូអាក្រក់ទាំងនោះទេ វានឹងធ្វើឲ្យកិច្ចប្រជុំមួយចំនួន នៅក្នុងខេត្តតាកែវក្លាយជាគ្មានន័យ ជាពិសេស វានឹងប្រែក្លាយកិច្ចប្រជុំទៅជាកន្លែងប្រជុំលេងហ្វេសប៊ុក ឬលេងហ្គេមជាក់ជាពុំខាន។ ម្យ៉ាងទៀត ក្នុងនាមជាប្រធានមន្ទីរស្ថាប័នដែលជាអ្នកដឹកនាំមួយរូប មិនគួមានឥរិយបទ ដែលជាគំរូអាក្រក់ ឲ្យប្រជាពលរដ្ឋយកតម្រាប់តាមនោះទេ។ គេសង្ឃឹមថា លោក អ៊ូច ភា អភិបាលខេត្តតាកែវ នឹងកែលំអរមន្រ្តីមួយចំនួនដែលពូកែលេងហ្វេសប៊ុក និងលេងហ្គេមនៅក្នុងអង្គប្រជុំ៕