រដ្ឋមន្រ្តីការបរទេសចិន អបអរសាទរចំពោះជោគជ័យ នៃការបោះឆ្នោតជាតិ នៅក្នុងប្រទេសកម្ពុជា
02-08-2018 15:47
(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានចូលរួមអបអរសាទរ ចំពោះជោគជ័យ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ នៅក្នុងប្រទេសកម្ពុជា។
ការអបអរសាទរនេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តីក្រសួងការបរទេសចិន ជួបពិភាក្សាទ្វេភាគី ជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
បន្ទាប់ពីបញ្ចប់ជំនួបរវាងរដ្ឋមន្រ្តីទាំងពីរ នៅក្រៅវេទិកាកិច្ចប្រជុំអាស៊ាន ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ប្រមុខការទូត និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ក៏បានផ្តល់ការអបអរសាទរផងដែរ ចំពោះការបោះឆ្នោតនៅកម្ពុជា ដែលបានដំណើរការទៅយ៉ាងរលូនបំផុត។
ជាមួយគ្នានេះ លោកក វ៉ាង យី បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោត បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការគាំទ្រជឿទុកចិត្តរបស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោក វ៉ាង ក៏បានបន្តថា ចិននឹងនៅតែបន្តផ្តល់ការជួយជ្រោមជ្រែងថែមទៀតដល់កម្ពុជា ដើម្បីថែរក្សាស្ថិរភាព និងអភិវឌ្ឍន៍តទៅមុខទៀត។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណលោក វ៉ាង យី ហើយបានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ បានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ និងប្រកបដោយតម្លាភាព ហើយប្រជាជនកម្ពុជា បានបោះឆ្នោតឲ្យសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍជាតិ៕