(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា បើទោះបីកម្ពុជារៀបចំការបោះឆ្នោតជាតិក្តី ក៏កំឡុងពេលបោះឆ្នោតវិស័យដីធ្លីមិនមានបញ្ហាអ្វីឡើយ ថែមទាំងមានការទិញលក់ច្រើនថែមទៀត ដែលនាំឲ្យប្រាក់ចំណូលរបស់ពន្ធដារ មិនបានធ្លាក់ចុះឡើយ ដែលនេះសបញ្ជាក់ច្បាស់ នៅការជឿជាក់លើស្ថានភាពនយោបាយ របស់អ្នករកស៊ីក្នុងវិស័យដីធ្លី។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «មុនបោះឆ្នោតដីនៅតែឡើងថ្លៃ អ្នកខ្លះជំរុញឲ្យទិញដីឲ្យហើយ ព្រោះថាបើ​មិនទិញពេលនេះទេ បោះឆ្នោតរួចនៅបន្ដឡើងថ្លៃទៀតហើយ។ ចឹងហើយបានជាប្រាក់ចំណូល របស់អគ្គនាយកដ្ឋាពន្ធដារ ក្នុងពេលយុទ្ធនាការបោះឆ្នោត អត់មានការថយចុះអីទាំងអស់»

ស្ថិរភាពនៃតម្លៃដីនេះ សបញ្ជាក់ពីស្ថានភាពរឹងមាំរបស់កម្ពុជា ដោយមិនបានបង្ករការភ័យ​ខ្លាចទៅលើអ្វីទាំងអស់ ទោះបីស្ថិតក្នុងពេលបោះឆ្នោតក្ដី ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មិនត្រឹមតែស្ថានភាពវិស័យដីធ្លីប៉ុណ្ណោះទេ ដែលនៅតែដំណើរការល្អ សូម្បីតែការប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក៏មានស្ថានភាពល្អផងដែរ មិនដូចកាលពីបោះឆ្នោតអាណត្តិមុននោះឡើយ ដោយសារបាត់វត្តមានរបស់ អតីតគណបក្សសង្គ្រោះជាតិ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «បងប្អូនប្រជាពលរដ្ឋរស់នៅតាមផ្សារ ក៏បានលើកឡើងថា អស់ពួក​អាចង្រៃ [អតីតបក្សសង្គ្រោះជាតិ] នេះទៅ អញស្រួលរកស៊ី លក់ដាច់រហូត ដោយមិនចាំបាច់រើតូប គឺមានភាព​ងាយស្រួលរហូត។ ភាសារបស់ប្រជាពលរដ្ឋ លើកឡើងបែបនេះព្រោះថា កាលពីមុន​នៅរាល់ពេលបោះឆ្នោត ​ពួកគាត់រើសពីនេះទៅនោះ ពីនោះទៅនេះ តែការបោះឆ្នោតឆ្នាំនេះ មានភាពស្ងប់ស្ងាត់ល្អណាស់»

សូមបញ្ជាក់ថា នៅមុនពេលបោះឆ្នោតជាតី ទាំងសម្ដេចតេជោ ហ៊ុន សែន និងអ្នកជំនាញវិស័យអចលនទ្រព្យ ធ្លាប់បានអះអាងថា ឆ្នាំនេះទោះស្ថិតក្នុងឆ្នាំបោះឆ្នោតក្ដី ក៏វិស័យដីធ្លីមិនមានការប្រែប្រួលអ្វីឡើយ មានន័យថា តម្លៃដីធ្លីនៅតែបន្តកើតឡើងទៅមុខជាបន្ដបន្ទាប់ ដោយសារតែប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស។

ជាមួយគ្នានេះ បើក្រឡែកទៅមើលគម្រោងវិនិយោគនៅឆ្នាំបោះឆ្នោតវិញ គឺនៅតែមានអ្នកវិនិយោគច្រើនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែងនៅពាក់កណ្តាលឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន០៩។

ទុនវិនិយោគសរុប នៃគម្រោងដែលត្រូវបានអនុម័តទាំងនេះ មានចំនួនប្រមាណ ៣,៥០០លានដុល្លារអាមេរិក ដែលបង្កើតការងារ បានប្រមាណជិត១០ម៉ឺនកន្លែង។ តួលេខវិនិយោគនេះ បានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគ ដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕