(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីបំភ្លឺទាត់ចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែលថា អគ្គនាយកដ្ឋានពន្ធដារ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួច (ACU) ករណីប្រធានសមាគមអាដហុក (ADHOC) គេចវេះបង់ពន្ធថ្លៃឈ្នូលផ្ទះជូនរដ្ឋ។

នេះបើតាមសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី០២ ខែកក្កដានេះ បានចាត់ទុកថា ការចុះផ្សាយព័ត៌មានរបស់ វិទ្យុអាស៊ីសេរី នេះជាការចុះផ្សាយព័ត៌មានចចាមអារាម គ្មានមូលដ្ឋានច្បាស់លាស់ ក្នុងន័យធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងចោទប្រកាន់ទម្លាក់កំហុសមកលើស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំ។

អគ្គនាយកដ្ឋានពន្ធដារសង្កត់ធ្ងន់ថា «អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ការផ្សាយវិទ្យុអាស៊ីសេរី ហាក់ដូចមានចិរតបង្កបញ្ហា បង្កាច់បង្ខួចកេរ្តិ៍ឈ្មោះ លាបពណ៌ តាមរយៈការចុះផ្សាយព័ត៌មានដែលមិនឈរលើមូលដ្ឋានច្បាប់ និងការពិតនាពេលកន្លងមក ដោយចោទប្រកាន់មកលើអគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំ ក៏ដូរចជារាជរដ្ឋាភិបាលម្តងហើយម្តងទៀតថា ជាចេតនានយោបាយធ្វើទុក្ខបុកម្ទេញអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាទៅវិញ ឬអាចនិយាយបានម្យ៉ាងវិញទៀតថា វិទ្យុអាស៊ីសេរី នៅមិនទាន់យល់ច្បាស់អំពីនីតិវិធីពន្ធដារ និងអាចមានការភាន់ច្រឡំដោយប្រការណាមួយ។ ជាក់ស្តែង ដូចករណីនេះ សូម្បីតែលោក ធន សារ៉ាយ ផ្ទាល់ ដែលជាប្រធានសមាគមអាដហុក ក៏បានបញ្ជាក់ច្បាស់តាមរយៈបទសម្ភាសន៍របស់លោកថានេះ គឺមិនមែនជាបណ្តឹងធ្វើឡើង ដោយអគ្គនាយកដ្ឋានពន្ធដារទេ គឺអាចជាបុគ្គលណាម្នាក់ ជាអតីតបុគ្គលិករបស់សមាគមអាដហុក ដែលមានការថ្នាំងថ្នាក់នឹងសមាគម ទើបបណ្តាលឲ្យគាត់សម្រេចចិត្តធ្វើបែបនោះ»

ព័ត៌មានលម្អិតសូមអានសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖