(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យស្រែរបស់ប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួត និងបានជួយអន្តរាគមន៍បូមទឹកដាក់ស្រែជូនគាត់ភ្លាម។

លោក វ៉ី សំណាង បានលើកឡើងថា ចាប់ពីនេះនៅតាមមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះមូលដ្ឋានដើម្បីពិនិត្យតម្រូវការចាំបាច់របស់ពលរដ្ឋ ជាពិសេសយើងចុះឲ្យដល់មូលដ្ឋាន ហើយជួយឲ្យចំគោលដៅរងគ្រោះពិតប្រាកដ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើគិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៨ នេះមន្ទីរធនធានទឹក បានដាក់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម៦៥សេះ ចំនួន៥ គ្រឿង​កំពុងដំណើរការបូមទឹក ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួតស្ថិតក្នុងឃុំព្រះនិពាន ស្រុកគងពិសី ឃុំក្រាំងក្រូច ស្រុកសំរោងទង និងសង្កាត់រការធំ ក្រុងច្បារមនផងដែរ។

សូមរំលឹកថា ដើម្បីក្រើនរំឭកពីស្មារតីបម្រើប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាដល់សមាជិកគណបក្សប្រជាជន ក៏ដូចជា មន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ត្រូវចុះទៅតាមមូលដ្ឋានរបស់ខ្លួនវិញ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានជាប់ជាប្រចាំ ហើយត្រូវតែធ្វើឲ្យបានល្អ និងមានប្រសិទ្ធិភាពជាងមុន ពិសេសគឺបញ្ហាគ្រោះទឹកជំនន់។

អនុសាសន៍នេះ ក៏ជាការដាស់តឿនមួយដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅកាន់មន្ត្រីក្រោមឱវាទ ក្រោយការបោះឆ្នោតទើបតែបញ្ចប់ ខណៈជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី មកពីតាមរោងចក្រ សហគ្រាសនានា នៅក្នុងខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ចប់ពេលបោះឆ្នោតហើយ បាននាំគ្នាចុះទៅបម្រើប្រជាពលរដ្ឋឡើយ ពោលគឺនៅតែបន្តធ្វើជាប់ជាប្រចាំ ហើយខណៈនេះដែរ ប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ក៏កំពុងជួបប្រទះនូវគ្រោះមហន្តរាយដោយសារទឹកជំនន់ផងដែរ៕