(មណ្ឌលគិរី)៖ ជនជាតិវៀតណាមចំនួន៧នាក់ សង្ស័យថា បានឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លូនកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងត្រូវបានបញ្ជួនមកកាន់ស្នងការខេត្តដើម្បីសួរនាំ។

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ឲ្យដឹងថា ក្រុមជនជាតិវៀតណាមទាំង៧នាក់ រួមទាំងរថយន្ត៣គ្រឿងផងនោះ ក្រោយពេលជំនាញធ្វើការសាកសួរ និងពិនិត្យឃើញថា ឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាគ្មានឯកសារត្រឹមត្រូវ។ លោកស្នងការបានបន្តថា បន្ទាប់ពីជំនាញបន្តនីតិវិធីចប់សព្វគ្រប់ហើយនោះ ជនសង្ស័យនឹងត្រូវធ្វើការឆ្លងយោបល់ ខាងអយ្យកាបន្តទៀត។

លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh news ប្រចាំខេត្តមណ្ឌលគិរីនៅរសៀលនេះថា គ្រប់ជនជាតិ គ្រប់ជាតិសាសន៍ ដែលបានឆ្លងដែនចូលមកកាន់បណ្តាប្រទេសនីមួយៗ ត្រូវមានឯកសារ និងលិខិតស្នាមឲ្យបានត្រឹមត្រូវ។

លោកបន្តថា ជាក់ស្តែងដូចជាករណី ស្តីពីជនជាតិវៀតណាមចំនួន ០៧នាក់ រួមទាំងមធ្យោបាយផងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការឃាត់ខ្លួន ប៉ុន្តែជុំវិញករណីនេះក្រោយពេលតំណាងអយ្យកាបន្តនីតិវិធីរបស់ខ្លួន បើពិនិត្យឃើញថាមានកំហុសធ្ងន់ធ្ងរច្បាប់ត្រូវតែអនុវត្តន៍ជាធរមាន។

បើតាមព្រះរាជអាជ្ញារូបនេះ បើសិនជាក្នុងករណីខុសតិចតួច គួរតែមន្រ្តីជំនាញខាងច្បាប់អន្តោប្រវេសន៍ធ្វើការអប់រំណែនាំតាមផ្លូវច្បាប់ ឬធ្វើ ការបញ្ជូនពួកគេទៅកាន់ទៅប្រទេសកំណើតគេវិញ៕