(បន្ទាយមានជ័យ)៖ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន​ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៣៖១០នាទី មេបញ្ជាការអាវុធហត្ថ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងកាន់កាប់គ្រាប់កាំភ្លើងខុសច្បាប់។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចក្រោយផ្ទះសំណាក់សារពេជ្រ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នេះថា ដាយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់។

លោកបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ អ៊ុង មុនិន្ទ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ២-ឈ្មោះ ចៅ ប៊ុនថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ, ៣-ឈ្មោះ ចន្ថា វិចិ្ឆកា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរឹបអូសបានវត្ថុតាង រួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន០៤កូនថង់ ស្មើនឹង០.៧០ក្រាម, ស្រោមកាំភ្លើងប្រាហា ចំនួន០១, គ្រាប់កាំភ្លើងប្រាហា ចំនួន០៥គ្រាប់, ទូរស័ព្ទដៃម៉ាក Seatel V8 ចំនួន០១គ្រឿង, កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក បានបន្ថែមថា បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យឈ្មោះ អ៊ុង មុនិន្ទ បានសារភាពថា ខ្លួនធ្វើការជួញដូរគ្រឿងញៀនមួយរយៈមកហើយ តាមរយៈប្រពន្ធរបស់ខ្លួន ឈ្មោះ សាំង កុសល ជាអ្នកទៅទិញម្តងៗក្នុងតម្លៃ ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ដើម្បីយកមករំលែកលក់បន្ត។ លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១៣៖១០នាទី ស្រាប់តែកងកម្លាំងកងរាជអាវុធហត្ថ ចូលមកឃាត់ខ្លួនតែម្តង។ ចំណែកជនសង្ស័យ ០២នាក់ផ្សេងទៀត ជាអ្នកមកប្រើប្រាស់គ្រឿងញៀន នៅផ្ទះ អ៊ុង មុនិន្ទ។

ករណីខាងលើនេះ សមត្ថកិច្ចឃើញមានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ថា ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើសជួញដូរ និងសម្រួលឲ្យប្រើប្រាស់ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងកាន់កាប់គ្រាប់កាំភ្លើងដោយខុសច្បាប់។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕