(កំពង់ស្ពឺ)៖ មានការហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលមួយ ដោយកម្មការិនីចំនួន២៩នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងរោងចក្រ «សាព្រីណា» ស្ថិតនៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក និងពេទ្យឯកជនដែលនៅក្បែរនោះ។

របាយការណ៍របស់លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានបញ្ហានេះ គឺដោយសារ​កម្មការិនីម្នាក់ឈ្មោះ គង់ ស្រីវិន នៅផ្នែកពិនិត្យក្រុម​២ នៃអាគារ​១ មានអាក្ការៈ​បារមីសន្ឋិត ព្រមទាំងបានដើរចង្អុលមុខអ្នករួមការងារ និងស្រែកខ្លាំងៗ ដោយភាសារស្តាប់មិនសូវបាន ធ្វើឲ្យពួកគាត់ភ័យខ្លាចហើយក៏បានទន់ដៃជើង សន្លប់ជាបន្តបន្ទាប់ទៅ។​

លោក ចឹក បូរិន បានបន្ថែមថា តាមរយៈការសាកសួរព័ត៌ពីអ្នករួមក្រុម បានឲ្យដឹងថា កម្មការិនីរូបនេះ មួយរយៈចុងក្រោយនេះ​ក្នុងមួយខែ មានអក្ការៈបែបនេះ មួយដងទៅពីរដង ប៉ុន្តែខាងក្រុមហ៊ុន​ចាត់ចែងដោះស្រាយយកគាត់ទៅពេទ្យភ្លាមៗ ទើបមិនមានការផ្អើលដូចពេលនេះ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះពោលនៅរសៀលថ្ងៃទី០៣ ខែសីហា ​កម្មការិនី បានចូលធ្វើការងារជាធម្មតាវិញហើយ មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ដោយឡែកចំពោះកម្មការិនី រងគ្រោះ​បានបញ្ជូនទៅសម្រាកនៅ មន្ទីរពេទ្យបង្អែកខេត្តមាន​២១នាក់ (ធូរស្រាល) និងសម្ភពព្យាបាលថ្នល់ទទឹង​៨នាក់ (ធូរស្រាល)៕​