(រតនគិរី)៖ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាខេត្តរតនគីរី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ អមដំណើដោយ ​លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពមួយចំនួន បាននាំយកអំណោយមនុស្សធម៌ជាស្បៀង រួមមាន អង្គរ ចំនួន​៥០​តោន និងមី ចំនួន​១០០​កេស ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង សម្រាប់ចាត់ចែង​​ជួយសម្រាលទុក្ខលំបាកជូនអ្នករងគ្រោះ ដែលបាន​និងទទួលរងផលប៉ះពាល់ ដោយទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង​។

ក្នុងឱកាសប្រគល់នោះ លោក ថង សាវុន បានសម្តែងការសោកស្តាយចំពោះ​ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានបាត់បង់ ខូចខាត ទ្រព្យសម្បត្តិ ទីជម្រក សត្វពាហន និងដំណាំស្រូវស្រែ ចំការ ដោយសារគ្រោះមហន្តរាយធម្មជាតិ កាលពីពេលកន្លងទៅនេះ។

លោកប្រធានសាខា បានបន្តទៀតថា ថ្វីត្បិតតែសម្ភារអំណោយមនុស្សធម៌​ទាំអស់នេះ មិនអាចគ្រប់គ្រាន់តាមតម្រូវការ នៃការខូចខាតរបស់ប្រជាពលរដ្ឋ រងគ្រោះក៏ពិតមែន ប៉ុន្តែជាការ​រួមចំណែកជាមួយ​កាកបាទក្រហមកម្ពុជា, អាជ្ញាធរខេត្ត និងសាខាខេត្តស្ទឹងត្រែង ជាសាខាមានភូមិផងរបងជាប់គ្នា ដើម្បីរួមកម្លាំងគ្នា ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ ដែលកំពុងត្រូវការជំនួយបំផុត។

ជាមួយគ្នានេះដែរ លោក ម៉ុម សារឿន ប្រធានកិត្តិយសសាខាខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់​សាខាកាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី ដែលបានរួមចំណែក ជួយឧបត្ថម្ភគាំទ្រជួយដល់ជនរងគ្រោះដែលត្រូវការជំនួយ និងការឧបត្ថម្ភនានា។

តាមរយៈអំណោយទាំងនេះ សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង នឹងចាត់ចែងផ្តល់ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា ឲ្យស្របតាមគោលការណ៍គ្រឹះទាំង​៧ប្រការ របស់ចលនាកាកបាទក្រហម​អឌ្ឍចន្ទក្រហម៕​