(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងសាងសង់ស្ពានស្ទឹងកែវឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផ្សេងៗ ក្រោយពីស្ពានឈើស្ទឹងកែវនេះត្រូវបានជំនន់ទឹកភ្លៀងគួចផ្តាច់កាលពីថ្ងៃទី១៩ ខែកក្កដាថ្មីៗនេះ។

ប្រតិបត្តិការចុះជួសជុលនេះបានធ្វើឡើងនាថ្ងៃទី៣ ខែ​សីហា ឆ្នាំ២០១៨។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពតនៅព្រឹកថ្ងៃទី៤ ខែ សីហា ឆ្នាំ២០១៨នេះ។

នៅក្នុង​ឱកាសនោះលោក ជាវ តាយ បានថ្លែងថា កន្លងមកពលរដ្ឋឃុំស្ទឹងកែវ មានការលំបាកក្នុងការធ្វើដំណើរជាខ្លាំង ដោយត្រូវប្តូរពីឆ្លងស្ពានឈើ មកធ្វើដំណើតាមទូក ឆ្លងស្ទឹងកែវវិញ។ ប៉ុន្តែរយៈពេល៩០ថ្ងៃក្រោយ ពលរដ្ឋទាំងអស់ដែលធ្លាប់ប្រើប្រាស់ស្ពានបាក់នេះ នឹងបានធ្វើដំណើរតាមស្ពានឈើថ្មីវិញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្ត បានបន្តទៀតថា ដោយភាពទទួលខុសត្រូវរបស់រដ្ឋបាលខេត្តកំពត ពិសេសដោយទឹកចិត្តស្រឡាញ់ យល់ពីទុក្ខលំបាក់របស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន តាមរយៈរូបលោក បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជួយសាងសង់ស្ពានស្ទឹងកែវថ្មីជូនពលរដ្ឋ។

ស្ពានថ្មីនេះត្រូវសាងសង់នៅទីតាំងស្ពានចាស់ស្ថិតនៅក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត មានទំហំទទឹង៣ម៉ែត្រ និងបណ្តោយ៨០ម៉ែត្រ ត្រូវចំណាយថវិការសរុបចំនួន១ម៉ឺន ៥ពាន់ដុល្លារ។ រ៉ឺម៉ក ម៉ូតូ គោយន្ត រថយន្តតូចអាចបើកបរឆ្លងកាត់បាន ហើយដោយឃើញពីការលំបាក់ធ្វើដំណើររបស់ពលរដ្ឋ ស្ពាននេះត្រូវសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល៩០ថ្ងៃក្រោយ។

លោក ជាវ តាយ បានបញ្ជាក់ទៀតថា ស្ពានឈើថ្មីនេះគ្រាន់តែជាស្ពានសម្រាប់ឱ្យពលរដ្ឋឆ្លងបណ្តោះអាសន្នប៉ុណ្ណោះ នៅថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងពិភាក្សាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីស្វែងរកលទ្ធភាពសាងសង់ស្ពានល្អ ធំ មាំ និងជាប់បានយូរជូនប្រជាពលរដ្ឋ ងាយស្រួលដឹកជញ្ជូនកសិផល និងឆ្លងកាត់៕