(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ បានជួបពិភាក្សាការងារជាមួយ លោកស្រី Elizabeth McGarva ទីប្រឹក្សាជាន់ខ្ពស់គម្រោង នៃក្រសួងជំនួយអភិវឌ្ឍន៍អន្តរជាតិ របស់ចក្រភពអង់គ្លេស លើកិច្ចប្រតិបតិ្តការ និងសហការបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា។
បើតាមលោក ហេង រតនា ក្នុងជំនួបនោះ លោកស្រី Elizabeth បានបញ្ជាក់ថា គម្រោងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស សំរេចផ្តល់កិច្ចសន្យាផ្តល់ជំនួយដល់អង្គការដោះមីន NPA, HALO, MAG និង GICHD សំរាប់ធ្វើសកម្មភាពដោះមីនមនុស្សធម៌នៅកម្ពុជា រយៈពេល២ឆ្នាំ គឺឆ្នាំ២០១៨ ដល់ខែមិនា ឆ្នាំ២០២០។
លោកស្រី Elizabeth ក៏បានកោតសរសើរដល់ក្រុមសុនខដោះមីនរបស់សុីម៉ាក់ ដែលកន្លងមកធ្លាប់បានចួលរួមជាមួយអង្គការ MAG ទទួលបានលទ្ធផលយ៉ាងល្អ។ លោកស្រីក៏បានពាំនាំនូវការវាយតម្លៃខ្ពស់របស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស ចំពោះកិច្ចសហប្រតិបត្តិការជាមួយស៉ីម៉ាក់នាពេលកន្លងមក៕