(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់តាមរយៈ Facebook សម្តេចថា រដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលអាចនឹងបង្កើតឡើងនៅខែសីហានេះ ដឹកនាំដោយសម្តេច នឹងខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាជនទ្វេដង ដើម្បីឲ្យសមនឹងទឹកចិត្តរបស់បងប្អូនប្រជាជន ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប ក្នុងការជំរុញការរីកចម្រើនរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានផ្តល់នូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើសម្តេច តាមរយៈការបោះឆ្នោត ដែលមានសម្លេងគាំទ្រដ៏ច្រើនលើសលុបបំផុតន្លងមកនេះ និងសូមជូនពរឲ្យបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទូទាំងប្រទេស? អរគុណខ្លាំងណាស់ ដែលបងប្អូនបានផ្តល់នូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើខ្ញុំ តាមរយៈការបោះឆ្នោតដែលមានសម្លេងគាំទ្រដ៏ច្រើនលើសលុបបំផុតន្លងមកនេះ។ មិនយូរទេ រាជរដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើតឡើង ក្រោយពីការប្រកាសលទ្ឋផលផ្លូវការពី (គ.ជ.ប) នៅពាក់កណ្តាលខែសីហានេះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។
រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងអោយសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕