(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានស្នើឲ្យសមាគមសុវត្ថិភាព និងសន្តិសុខស្បៀងនៅអាស៊ី បន្តគាំទ្រលើកកម្ពស់ និងជំរុញការអភិវឌ្ឍ វិស័យកសិកម្ម តាមគ្រប់រូបភាព ដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងនៅក្នុងកម្រិតគ្រួសារ សហគមន៍ ថ្នាក់ជាតិ និងអន្តរជាតិ។

ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចូលរួមជាកិត្តយស ក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៤ របស់សមាគមសុវត្ថិភាព និងសន្តិសុខស្បៀងនៅអាស៊ី ក្រោមប្រធានបទ៖ «សុវត្ថិភាពអាហារ និងសន្តិសុខស្បៀង» ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។

សន្និសីទអន្តរជាតិលើកទី៤ ក្រោមប្រធានបទ៖ «សុវត្ថិភាពអាហារ និងសន្តិសុខស្បៀង» នេះ សហការរៀបចំ និងឧបត្ថម្ភ ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការ Feed the Future, USAID, Horticulture Innovation Lab, UCDAVIS(University of California), APFP, ICFMH and CIAT

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សមាជិកសមាគមសុវត្ថិភាព និងសន្តិសុខស្បៀងនៅអាស៊ី ប្រមាណជា១៨ប្រទេស ដែលជាសាស្រ្តាចារ្យ អ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវ និងនិស្សិតចំនួនជាង ២៦០នាក់។

លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរាយការណ៍ជូនអង្គសន្និសីទដោយសង្ខេបពីខ្លឹមសារជារួម និងគោលបំណងសំខាន់ៗ របស់សន្និសីទនេះគឺ៖

១៖ ពង្រឹងនិងពង្រីកការផ្សព្វផ្សាយចំណេះដឹង បច្ចេកវិជ្ជា និងការច្នៃប្រឌិត

២៖ ប្រមូលផ្តុំអ្នកជំនាញការ អ្នករៀបចំគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម ទាក់ទងនឹងសុវត្ថិភាពអាហារ និងសន្តិសុខស្បៀង

៣៖ ពង្រឹងសមត្ថភាពអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និស្សិត និងភ្នាក់ងារអភិវឌ្ឍ ដែលអញ្ជើញមកពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីបង្កើតចំណេះដឹងថ្មី និងពង្រីកឱកាសអភិវឌ្ឍ

៤៖ សម្របសម្រួលភាពជាដៃគូ ដើម្បីលើកកម្ពស់ការសហការ និងគំនិតផ្តួចផ្តើមរួមគ្នា

៥៖ ប្រមូលផ្តុំអ្នកឯកទេសជាតិ អន្ដរជាតិ សហគ្រិន អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេស អ្នកធ្វើគោលនយោបាយ និងសង្គមស៊ីវិល ដើម្បីដោះស្រាយទាំងបញ្ហាសុវត្ថិភាពម្ហូបអាហារ និងបញ្ហាសន្តិសុខស្បៀងសំខាន់ៗ ជាគន្លឹះ។

ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវបដិសណ្ឋារកិច្ច និងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូសមាគមសុវត្ថិភាព និងសន្តិសុខស្បៀងនៅអាស៊ី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងអង្គសន្និសីទអន្តរជាតិលើកទី៤ នៅលើទឹកដីខេត្តសៀមរាប ដែលជាទីក្រុងប្រវត្តិសាស្ត្រ នៃមាតុភូមិអង្គរដ៏បវរ។

លោក វេង សាខុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សាកលវិទ្យាល័យ វិទ្យាស្ថានមេគង្គ និងសមាគមសុវត្ថិភាព និងសន្តិសុខស្បៀងនៅអាស៊ី ដែលបានសហការគាំទ្រ និងឧបត្ថម្ភរៀបចំសន្និសីទ ថ្នាក់អន្តរជាតិដ៏មានសារសំខាន់នាថ្ងៃនេះ។

លោកសង្ឃឹមថា ការផ្តល់ធាតុចូលជាគំនិត ចំណេះដឹង បទពិសោធន៍ និងអនុសាសន៍នានារបស់សមាជិក សមាជិកា ក្នុងអង្គសន្និសីទពិតជាមានសារៈប្រយោជន៍ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការស្រាវជ្រាវ ការរៀបចំគោលនយោបាយ សម្រាប់ឈានឆ្ពោះទៅរកដំណោះស្រាយ និងសម្រេចឲ្យបាននូវការធានាសុវត្ថិភាពអាហារ និងសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើឲ្យអង្គសន្និសីទបន្តគាំទ្រ លើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមគ្រប់រូបភាពដើម្បីធានា ឲ្យបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងនៅក្នុងកម្រិតគ្រួសារ សហគមន៍ ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ផលិតភាពផលិតកម្ម ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដែលផ្តោតជាសំខាន់ទៅលើ៖

១៖ ផលិតកម្មស្បៀង៖ ប្រកបដោយនិរន្តភាព (ឧ. ទំនើបកម្មកសិកម្ម កសិកម្មធម្មជាតិ សរីរាង្គ កសិកម្មអភិរក្ស) ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ

២៖ ពង្រឹងសន្តិសុខស្បៀង៖ កាត់បន្ថយកង្វះអាហារូបត្ថម្ភ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ

៣៖ យកចិត្តទុកដាក់ពីសុវត្ថិភាពអាហារ៖ ដោយត្រូវលើកកម្ពស់គុណភាពអាហារ អនាម័យទឹក សុវត្ថិភាព និងស្តង់ដាសុវត្ថិភាពម្ហូបអាហារ ដែលអាចកាត់បន្ថយគ្រោះថ្នាក់កើតពីម្ហូបអាហារ ជំងឺកើតពីអាហារ

៤៖ ការគ្រប់គ្រង ចំណីអាហារ និងការការពារការបាត់បង់៖ នវានុវត្តន៍ការស្តុកទុក ការវេចខ្ចប់ ការកាត់បន្ថយការបាត់បង់ និងកាកសំណល់អាហារ ការអភិវឌ្ឍខ្សែសង្វាក់ត្រជាក់ ការប្រើកាកសំណល់ អនុផល និងការបន្ថែមតម្លៃលើផលិតផល

៥៖ ការកែច្នៃ និងការការពារអាហារ៖ បច្ចេកទេសកែច្នៃដែលកំពុងរីកចម្រើន ដំណើរការកែច្នៃ វេចខ្ចប់ និងការអភិវឌ្ឍខ្សែសង្វាក់ត្រជាក់

៦៖ បញ្ហាប្រឈម៖ ការគ្រប់គ្រងហានិភ័យ លើសុវត្ថិភាពអាហារ អាហារូបត្ថម្ភ ពាណិជ្ជកម្មអាហារ សន្តិសុខស្បៀង កិច្ចសហប្រតិបត្តិការស្រាវជ្រាវ គោលនយោបាយ យេនឌ័រ និងការផ្លាស់ប្តូរអាកាសធាតុ រួមទាំងបញ្ហាម្ហូប អាហារផ្សេងៗទៀត ដែលពាក់ព័ន្ធ និងប៉ះពាល់ដល់សុវត្ថិភាពអាហារ និងសន្តិសុខស្បៀង ក្នុងកម្រិតថ្នាក់ជាតិ និងអន្ដរជាតិ។

នាឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានស្នើឲ្យសន្និសីទនេះ ពិនិត្យ និងពិចារណា រិះរកគ្រប់យុទ្ធសាស្រ្ត ឬយន្តការដោះស្រាយ ជាប្រព័ន្ធស្របទៅតាមការវិវឌ្ឍន៍ និងនវានុវត្តន៍ថ្មីៗ នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងពិភពលោក ពិសេសកំណើនប្រជាជន៕