(ភ្នំពេញ)៖ ​សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ បានបន្តចុះមកពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សាររីករាយ និងផ្សារឈូកមាស ព្រមទាំងបានចុះឃ្លាំង ពិនិត្យថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍នានា ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពេលចុះពិនិត្យនោះ​ទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃចំនួន​៣៥គំរូ ត្រូវបានយកមកពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផល ផលិតផលដែលពិនិត្យទាំង​៣៥គំរូនេះ គឺមានអនុលោមភាព សុវត្ថិភាពចំនួន៣៤គំរូ ដែលរួមមាន៖ ​តៅហ៊ូដុំ សណ្តែកបណ្តុះ ប្រហិតសាច់គោ ប្រហិតសាច់ក្តាម សាច់ប៉ាតេ ពោះគោ សរសៃគុយទាវ មី ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ​ជាដើម។​

ដោយឡែកចំពោះបង្អែមនំស្លឹកស្រស់ ពិនិត្យវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយត្រូវបានក្រុមការងារ បង្ហាញពីលទ្ធផលវិភាគជូនដល់អ្នកលក់ និងបានឯកភាពគ្នា ធ្វើកិច្ចសន្យាបញ្ឈប់ការការផលិត និងលក់បង្អែមនំស្លឹកស្រស់ មានសារធាតុគីមីហាមឃាត់ ព្រមទាំងបានធ្វើកំណត់ហេតុដកហូត បាន​ចំណីអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ បាន​៤.១០គីឡូក្រាមដើម្បីកម្ទេចចោល។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់ កុំឲ្យផលិត ឬ​យកទំនិញគ្មានគុណភាព ឬ​មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់​ដល់សុខភាព​របស់អ្នកប្រើប្រាស់។

ចំពោះអ្នកទិញ​មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀប នៃការជ្រើសរើសផលិតផល មានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញ គួ​រពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង៕