(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសលើកទឹកចិត្តផ្តល់រង្វាន់ធំដល់សិស្សដែលប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំនេះ ព្រមទាំងប្រកាសរៀបចំផ្ទះសំណាក់មួយកន្លែង ដល់បេក្ខជនមកពីស្រុកឆ្ងាយស្នាក់នៅ ក៏ដូចជា ការផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃទៀតផងដែរ។

ការប្រកាសបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូចំនួន៩០នាក់ មកពីវិទ្យាលយ័ទាំង១៦ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានណែនាំថា «សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនដែលប្រឡងឆ្នាំនេះ ត្រូវបន្តយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀត ពីព្រោះនៅសល់រយៈពេល ៩ថ្ងៃទៀត យើងនឹងដល់ថ្ងៃប្រឡង ហើយនឹងផ្តល់រង្វាន់ធំលើកទឹកចិត្តដល់សិស្ស ដែលបានប្រឡងជាប់និទ្ទេស A ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការនោះទេថា រង្វាន់ធំនោះជាអ្វីឲ្យពិតប្រាកដនោះទេ»

លោកអភិបាលខេត្តបានឲ្យដឹងថា សម្រាប់ខេត្តព្រះវិហារ សិស្សានុសិស្សដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៧-២០១៨នេះ មានចំនួន១,៣៤៥នាក់ ដោយក្នុងនោះខេត្តបានរៀបចំមណ្ឌុលប្រឡងមានចំនួន៣សាលា ដោយធ្វើការរឹតបណ្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាវិន័យក្នុងពេលប្រឡងយ៉ាងតឹងរឹងផងដែរ។

ជាមួយគ្នានោះ សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តព្រះវិហារ នឹងជួយសម្រួលមើលការខុសត្រូវនូវការផ្ញើរកង់ម៉ូតូជូនបេក្ខជនដោយមិនគិតថ្លៃ ហើយខេត្តក៏បានរៀបចំផ្ទះសំណាក់មួយកន្លែង សម្រាប់ការស្នាក់នៅរបស់បេក្ខជនមកពីស្រុកឆ្ងាយដោយឥតគិតថ្លៃផងដែរ។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានប្រគល់ថវិការជូនលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗ ៥០,០០០រៀលបន្ថែមលើប្រាក់បំប៉នដែលរាជរដ្ឋាភិបាលបានផ្តល់ជូន និងបានប្រគល់កំព្យូទ័រ ឡលេបថបចំនួន៤០គ្រឿង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនក្រុង-ស្រុកទាំង៨ មន្ទីរអប់រំ មន្ទីរសុខាភិបាល មន្ទីរបរិស្ថាន មន្ទីរមុខងារសាធារណៈ និងវិទ្យាល័យទាំង១៦ ដើម្បីបម្រើការងារផ្តល់សេវាសាធារណៈ ក្នុងខេត្តព្រះវិហារឲ្យកាន់តែប្រសើរឡើង៕