(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជុំពិភាក្សាដើម្បីរៀបចំតំបន់សមិទ្ធផល ក្នុងទីតាំងវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

នៅក្នុងឱកាសនោះអនុប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ក៏បានជំរុញឱ្យស្ថានប័នពាក់ព័ន្ធទាំងអស់បន្តសកម្មភាពបន្ថែមទៀត ដើម្បីជួយជំរុញឱ្យការងារដែលបានខិតខំប្រឹងប្រែងកន្លងមក សម្រេចបានដូចអ្វីដែលយើងបានគ្រោងទុកផងដែរ។

នាយឧត្តមសេនីយ៍ ក៏បានបន្ថែមទៀថា សូមឱ្យក្រសួងស្ថាប័នរៀបចំខ្លួនដើម្បីចូលរួមការតាំងពិព័រណ៌នៅថ្ងៃប្រារព្ធខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការប្រារព្ធពិធីនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

នយោបាយឈ្នះឈ្នះ គឺជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំមកនូវការបង្រួបបង្រួមជាតិ ដោយនាំកងទ័ពខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយបិទបញ្ចប់ភ្លើងសង្រ្គាមនាំមកនូវសន្តិភាពទាំងស្រុងជូនប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។ ចំណែកឯទិវាចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុល ពត គឺជាការរំលឹកដល់ការលះបង់របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនខ្មែរ ព្រមទាំងអ្នកតស៊ូខ្មែរជាច្រើនទៀត ឈានវាយផ្តួលរំលំរបបប៉ុលពត។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចាត់ទុកនយោបាយឈ្នះឈ្នះ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅបិទបញ្ចប់ភ្លើងសង្រ្គាមនាំមកនូវសុខសន្តិភាព ក៏ដូចជាការវាយផ្តួលរំលំរបប ប៉ុល ពត គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលត្រូវតែទទួលស្គាល់ និងត្រូវចងចាំ។

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា»។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថវិការដ្ឋនោះឡើយ។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។

ជាមួយគ្នានេះបើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានបានថ្លែងបណ្តាញព័ត៌មាន កាលពីលើកមុខ បានឱ្យដឹងថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះ គឺបានឆ្លាក់រួចរាល់ហើយ ដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ រូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ-ឈ្នះ មានដូចជា៖ រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ៕