(ស្វាយរៀង)៖ កម្មករ កម្មការិនីរោងចក្រ សេង យ៉ាវ ចំនួន១៤០០នាក់ ដែលផ្ទុះធ្វើកូដកម្ម តវ៉ារឿងថៅកែចិន កាត់លុយថ្ងៃទៅបោះឆ្នោត២ថ្ងៃនោះ, មកដល់ថ្ងៃទី១០ ខែសីហានេះ ត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សម្របសម្រួលដោះស្រាយបញ្ចប់ហើយ ដោយកម្មករ កម្មការនី យល់ព្រមចូលធ្វើការធម្មតាវិញ។

កិច្ចប្រជុំដោះស្រាយនេះ ក្រោមអធិបតីភាព លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង, លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី សេង យ៉ាវ តំណាងក្រុមហ៊ុន សេង យ៉ាវ និងតំណាងកម្មករនិយោជិត ព្រមទាំងសមត្ថកិច្ច និង សហពន្ធ័សហជីពកម្មករខ្មែរជួយខ្មែរ និងសហព័ន្ធសិទ្ធិកម្មករខ្មែរផងដែរ។

លោក ហាស់ ប៊ុនធី បានឲ្យដឹងថា រោងចក្រ សេង យ៉ាវ អេនធើប្រាយ ខូអិលឌីធី មានកម្មករនិយោជិតសរុប១,៤១៩នាក់ ស្រី៥០៧នាក់។ កម្មករនិយោជិតធ្វើកូដកម្មតវ៉ា ទាមទាលក្ខខណ្ឌ១៥ចំណុច រួមមាន៖

១៖ ស្នើសុំក្រុមហ៊ុនកុំបញ្ឈប់កម្មករ ដោយគ្មានមូលហេតុច្បាស់លាស់។

២៖ សូមកុំឲ្យក្រុមហ៊ុនធ្វើខុសនឹងគោលការណ៍ច្បាប់កំណត់។

៣៖ សុំឲ្យក្រុមហ៊ុនរៀបចំបន្ទប់ទឹក ឲ្យមានអនាម័យ មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានសាប៊ូលាងដៃផង។

៤៖ ស្នើសុំឲ្យក្រុមហ៊ុនមានថ្នាំពេទ្យគ្រប់គ្រាន់ និងគ្រូពេទ្យប្រចាំការគ្រប់ម៉ោងធ្វើការ។

៥៖ ការបន្ថែមម៉ោងឈរលើគោលការណ៍ស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំ ផ្អែកលើគោលការច្បាប់ស្តីពីការងារ។

៦៖ សូមក្រុមហ៊ុនបន្ថយចំនួនសម្ភារផលិត (ឲ្យនៅដដែល)។

៧៖ សូមឲ្យក្រុមហ៊ុនផ្តល់លុយជំនាញបន្ថែមឲ្យកម្មករ។

៨៖ នៅពេលកម្មករសុំច្បាប់ សុំឲ្យក្រុមហ៊ុនផ្តល់ភាពងាយស្រួលជូនកម្មករ។

៩៖ សូមកុំឲ្យក្រុមហ៊ុនកាត់លុយរបស់កម្មករថ្ងៃទៅបោះឆ្នោត ស្របតាមសេចក្តីប្រកាស់របស់ក្រសួងការងារ។

១០៖ នៅពេលកម្មករ កម្មការនី ធ្វើការចាប់ពីរ២ខែឡើងទៅ ស្នើសុំឲ្យក្រុមហ៊ុនបញ្ចូលជាកម្មករពេញសិទ្ធិ។

១១៖ កម្មការិនីមានផ្ទៃពោះ ដែលមានលិខិតពេទ្យបានទៅពិនិត្យផ្ទៃពោះ ក្នុងមួយខែបាន១ថ្ងៃហើយរក្សារប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនគាត់។

១២៖ ស្នើសុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួល នៅថ្ងៃកម្មវិធីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៨ (កម្មករពេញសិទ្ធិប្រើបំណាច់ឆ្នាំ កម្មករបណ្តែតដាក់ច្បាប់ធុរៈ)។

១៣៖ សូមឲ្យក្រុមហ៊ុនអនុញ្ញាត្តិ ឲ្យកម្មករបានប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំ នៅពេលមានធុរៈផ្សេងៗ។

១៤៖ ស្នើសុំឲ្យក្រុមហ៊ុនធ្វើកិច្ចសន្យា ជូនកម្មករនិយោជិតពេញសិទ្ធិរយៈពេល៦ខែ។

១៥៖ នៅក្នុងពេលធ្វើកូដកម្ម សូមកុំឲ្យក្រុមហ៊ុនកាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និងកុំឲ្យមានការគុំគួន និងបញ្ឈប់កម្មករណាម្នាក់។

លទ្ធផលភាគីក្រុមហ៊ុនបានយល់ ព្រមតាមការស្នើសុំរបស់កម្មករទាំង១៥ចំណុច ក៏ប៉ុន្តែក្រុមហ៊ុនបានសុំកម្មករ កុំឲ្យមានការកូដកម្មបន្តទៀត បើមានការធ្វើកូដកម្មក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទេ៕