(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង នៃកាកបាទក្រហមកម្ពុជា បន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៦០១គ្រួសារ រស់នៅលើទួលសុវត្ថិភាព មកពីភូមិចំនួន ២៧ របស់ឃុំចំនួន ៤ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះប្រារព្ធធ្វើឡើង ស្ថិតនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ហូន ច័ន្ទបូរ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ លោកស្រី ហួន ច័ន្ទបូរ៉ា បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ ហើយត្រូវប្រញាប់ប្រញាលប្រកបមុខរបរបង្កបង្កើនផលឡើងវិញនៅពេលទឹកស្រក ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ។

អំណោយដែលគ្រួសារនីមួយៗទទួល បាន ៖ អង្ករ ៣០គក្រ មី ១កេសត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ជាមួយគ្នានេះ គ្រួសារនីមួយៗ ទទួលបានបន្ថែមនូវ ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលទៀត ដែលជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមបញ្ជាក់ជូនថា អំណោយដែលបានចែកថ្ងៃនេះ ជាចំណែកមួយ នៃអំណោយសម្រាប់ ១០៥៨ គ្រួសារ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់ជូនក្នុងឱកាសសម្តេចប្រធាន អញ្ចើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដោយផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ១,៤៤២គ្រួសារ នៅស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ កាលពីថ្ងៃ ២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ៕