(ភ្នំពេញ)៖ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េជាលក្ខណៈអន្តរជាតិលើកទី២៣។ ពិធីនេះធ្វើឡើងនៅសាលពហុបំណង (Multi-Purpose Hall) នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីបេក្ខជន បេក្ខនារី ៦៧រូបមកពីប្រទេសចំនួន១៥។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមកិច្ចសហការរួមគ្នារវាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Korea Speech·Eloquence Association និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងទទួលការឧបត្ថម្ភគាំទ្រអំពីក្រសួងទេសចរណ៍-វប្បធម៌ និងកីឡា, ក្រសួងអប់រំ, ក្រសួងការបរទេស និងក្រសួងបង្រួបបង្រួមជាតិកូរ៉េ (Ministry of Unification)។

ការប្រកួតនាព្រឹកមិញនេះមានការចូលរួមពីបេក្ខជន-បេក្ខនារីសរុបចំនួន ៦៧នាក់ ដែលក្នុងចំណោមនោះមានបេក្ខជន-បេក្ខនារីជាជនជាតិបរទេសចំនួន ៣០រូបមកពីប្រទេសវៀតណាម ម៉ាឡេស៊ី ម៉ុងហ៊្គោលី សិង្ហបុរី ជប៉ុន កម្ពុជា ចិន អូស្រ្តាលី ហុងកុង ឥណ្ឌា ថៃ ហ្វីលីពីន ឡាវ កៀហ៊្សីស៊ីស្ថាន (Kyrgyzstan) និងឥណ្ឌូនេស៊ី ជាដើម រួមទាំងបេក្ខជន-បេក្ខនារីជនជាតិកូរ៉េដែលកំពុងរស់នៅបរទេសចំនួន ១២រូប និងបេក្ខជន-បេក្ខនារីជនជាតិកូរ៉េចំនួន ២៥រូប តំណាងឲ្យខេត្តក្រុងនានាក្នុងប្រទេសកូរ៉េ។

បេក្ខជន-បេក្ខនារីដែលចូលរួមប្រកួតប្រជែងនេះ បានថ្លែងសុន្ទរកថាស្តីអំពីបំណងប្រាថ្នាដើម្បីឲ្យមានការរួបរួមគ្នានៅឧបទ្វីបកូរ៉េ និងការប្រើប្រាស់ភាសាកូរ៉េក្នុងការធ្វើការប្រាស្រ័យទាក់ទងនៅក្នុងសកលលោក ហើយបេក្ខជន-បេក្ខនារីដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងទទួលបានពានរង្វាន់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងរង្វាន់បន្ថែមទៀតប្រមាណជា ២លានវ៉ុន។

លោក Nakyoung Oh ឯអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលកម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េជាលក្ខណៈអន្តរជាតិលើកទី២៣ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា កម្មវិធីដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជានាថ្ងៃនេះ នឹងជួយផ្សព្វផ្សាយភាសាកូរ៉េឲ្យបានកាន់តែទូលំទូលាយទៅទូទាំងសកលលោក ព្រមទាំងក្លាយទៅជាជំនួយក្នុងការអភិវឌ្ឍវប្បធម៌ផងដែរ។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថាកម្មវិធីនេះនឹងក្លាយទៅជាគន្លឹះដ៏សំខាន់ក្នុងកិច្ចការផ្លាស់ប្តូរវប្បធម៌រវាងសាធារណរដ្ឋកូរ៉េ ជាមួយប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាផ្សេងទៀតនៅក្នុងសកលលោក។

សូមបញ្ជាក់ថា កម្មវិធីនេះប្រកួតថ្លែងសុន្ទរកថាជាភាសាកូរ៉េអន្តរជាតិ ត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៦ ក្នុងគោលបំណងជួយជំរុញឲ្យជនជាតិកូរ៉េខាងជើង និងខាងត្បូងសរុប ៧០លាននាក់ និងប្រជាជនកូរ៉េដែលកំពុងរស់នៅបរទេសសរុបប្រមាណជា ៧.៥លាននាក់ អាចប្រើប្រាស់អក្សរ និងនិយាយភាសាកូរ៉េឲ្យបានត្រឹមត្រូវច្បាស់លាស់ល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការរួបរួមគ្នាដោយសន្តិភាពរបស់ឧបទ្វីបកូរ៉េ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយនូវវប្បធម៌ប្រទេសកូរ៉េ និងភាពអស្ចារ្យនៃអក្សរកូរ៉េ៕