(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកទឹកកក បានបុកម៉ូតូរបស់ជនរងគ្រោះពេញទំហឹង ដែលកំពុងជិះគ្នា៣នាក់ កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវកៅស៊ូ ក្បែររោងចក្រលោកតាបារាំង ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ ឈ្មោះ អ៊ុក សុភត្រា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិមុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងឈ្មោះ ប៉ិច ចាន់ស៊ីន ភេទប្រុស អាយុ១៦ឆ្នាំស្លាប់ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយឡែក ជនរងគ្រោះម្នាក់ទៀតមានឈ្មោះ អ៊ូ សីលា ភេទប្រុស រងរបួសធ្ងន់រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ 2G-5214 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដែលបើកក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ បម្រុងបុករោងលក់ដូររបស់ប្រជាពលរដ្ឋ រួចបានបួងចង្កូតគេចពីរោង ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខភ្នំពេញ 1FQ-9689 ដែលជិះគ្នា៣នាក់ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឱ្យជនរងគ្រោះម្នាក់ ប៉ើងខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និង ២នាក់ផ្សេងទៀត ជាប់នៅក្រោមរថយន្តស្លាប់ភ្លាមៗ នៅកន្លែងតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកទឹកកក បានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកអ្នករងរបួស ត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំពោះមធ្យោបាយបង្កត្រូវយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕