(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានសម្រេចលើកលែងការផាកពិន័យទៅលើបុគ្គល០៥នាក់ នៅខេត្តកំពត ដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងសំណុំរឿងលេខ០០១ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
គ.ជ.ប បានឱ្យដឹងថា បុគ្គលទាំង០៥នាក់នេះរួមមានទី១៖ ឈ្មោះ សូ សេង,ទី២៖ ឈ្មោះ ប៉ែន ឈឹម, ទី៣៖ ឈ្មោះ កូវ យិតឡាយ,ទី៤៖ឈ្មោះ សួង សារ៉ាន់ និងទី៥៖ ឈ្មោះ ម៉ម សុធី។
គ្រាដំបូង គ.ជ.ប ខេត្តកំពត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បានសម្រេចផាកពិន័យបុគ្គលទាំង៥នាក់ខាងលើនេះ ម្នាក់ៗចំនួន៥លានរៀល បន្ទាប់ពីមានការប្តឹងចោទថា ពួកគាត់បានចូលរួមជាមួយយុទ្ធនាការម្រាមដៃស្អាត ប៉ុន្តែបន្ទាប់ពីពិនិត្យភស្តុតាងឡើងវិញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបដិសេធចោល នូវសេចក្តីសម្រេចរបស់គ.ជ.ប ខេត្តកំពត ហើយលើកលែងការផាកពិន័យទៅលើពួកគាត់ទាំង៥នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ គ.ជ.ប បានធ្វើសេចក្តីសម្រេចមួយដែរ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតនៅខេត្តបាត់ដំបង។ ប៉ុន្តែពេលនោះ គ.ជ.ប សម្រេចតម្កល់ការផាកពិន័យ១០លានរៀល ទៅលើឈ្មោះជា ជីវ (អតីតតំណាងរាស្រ្ត) ប៉ុន្តែបន្ធូរបន្ថយការផាកពិន័យចំពោះបុគ្គល២រូប និងលើកលែងការផាកពិន័យចំពោះបុគ្គល២រូបផ្សេងផងដែរ ពាក់ព័ន្ធនឹងការធ្វើយុទ្ធការម្រាមដៃស្អាតនេះ។
ក្នុងការជំនុំជម្រះនេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើការសម្រេចដូចតទៅ៖ ១៖ ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវផាកពិន័យ១០លានរៀលដដែល, ២៖ ឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យពី១០លានរៀល មកនៅត្រឹម៥លានរៀល និង៣៖ ចំណែកឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការផាកពិន័យ៕