(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចផ្លូវ នៅក្នុងស្រុកពោធិ៍រៀង និងស្រុកពារាំង ក្នុងខេត្តព្រៃវែង ដែលកំពុងតែជន់លិចផ្លូវមួយចំនួនក្នុងស្រុកទាំងពីរ។

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា ការចុះពិនិត្យនេះដើម្បីវាយតម្លៃអំពី ស្ថានភាពនៃការខូចខាតផ្លូវ មុខទឹកដែលត្រូវហូរកាត់ ដើម្បីនៅក្នុងពេលទឹកស្រកទៅវិញនេះ កម្លាំងវិស្វកម្មរបស់លោក និងចុះមកជួសជុល លើកកម្ពស់តួផ្លូវសាងសង់លូបន្ថែម ដើម្បីកុំអោយឆ្នាំក្រោយមានការកាត់ផ្តាច់ផ្លូវនេះទៀត។ នាយឧត្តមសេនីយ៍បានបន្ថែមថា ក្នុងនាមជាមន្រី្តស្ថាប័នជំនាញ ត្រូវមានស្មារតីភ្ញាក់រលឹកខ្ពស់មិនត្រូវរង់ចាំតែបទបញ្ជានោះទេ ត្រូវអនុវត្តន៍ជាប្រចាំនូវសកម្មភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ពីទឹកជំនន់ធម្មជាតិនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បញ្ជាក់ថា ការចុះពិនិត្យកងកម្លាំងជំនាញ ដែលកំពុងសហការជាមួយអជ្ញាធរមូលដ្ឋាន និងបានដាក់គ្រឿងចក្រចុះជួយទប់ទឹក ច្រកបាវខ្សាច់ទប់ទឹកទីតាំងមួយចំនួនដែលកំពុងទទួលរងការគំរាមកំហែងពីទឹកជំនន់ និងបានជូនថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលកំពុងមានការលំបាកក្នុងការឆ្លងទូកដរផងដែរ។ ទន្ទឹមនឹងការចុះបំពេញការងារនេះដែរ លោកក៏បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោតយ៉ាងច្រើន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ៕