(សៀមរាប)៖ សួន​កេសរកូល​ព្រៃ (អ័រគីដេ) ដំបូង​គេ​បង្អស់​នៅ​ក្នុងប្រទេសកម្ពុជា ដែលមាន​ទីតាំង​ស្ថិត​នៅ​ជើង​ភ្នំ​គូលែន​ ខេត្ត​សៀមរាប សាងសង់សម្រេចបានប្រមាណ ៨០ភាគរយហើយ។

សួន​កេសរកូល​ព្រៃ​ភ្នំ​គូលែន ​មានទីតាំងនៅជើងភ្នំគូលែន ក្បែស្នាក់ការបរិស្ថាន ដែលមានទំហំ​ ២៥​ម៉ែត្រ គុណ ៣៥ម៉ែត្រ ដែលអាច​ផ្ទុក​កេសរកូល​បាន​ប្រមាណ​ពី ​១៥,០០០-២០,០០០ដើម និង​​រក្សាទុក​កេសរកូល​បានប្រមាណ​ ២,០០០​ប្រភេទ សម្រាប់​តំបន់​ភ្នំ​គូលែន​ផ្ទាល់ អាច​មាន​ប្រភេទ​កេសរកូល​ពី ​១០០-២០០ប្រភេទ។

សួន​នេះត្រូវបានផ្តួចផ្តើមសាងសង់​ឡើង​ដោយនាយកដ្ឋានជីវៈចម្រុះ នៃក.ជ.អ.ច. សហការ​ជា​មួយ​លោក នួន មុនី ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប និង​លោក សុខ វិជ្ជា ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse ក្នុង​គោលបំណង​ដើម្បី​ការពារ សង្គ្រោះ និង​អភិរក្ស​ប្រភេទ​កេសរកូល​ព្រៃ​កម្ពុជា ដែល​ទទួល​រង​ការ​គំរាមកំហែង និង​ជិត​ផុតពូជ​ពី​ព្រៃ​ធម្មជាតិ​ ជា​ពិសេស​នឹង​ក្លាយ​ជា​ទីកន្លែង​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ក្រៅ​តំបន់​ផង​ដែរ។

នា​ថ្ងៃ​អនាគត​សួនកេស​កូលព្រៃនេះ ក៏​នឹង​ត្រូវបានពង្រឹងឲ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ថ្មី​មួយ​ទៀត​ក្នុង​តំបន់​ភ្នំ​គូលែន ដែល​អាច​ទាញ​យក​ចំណូល​ពី​ការ​ចូល​ទស្សនា​របស់​ភ្ញៀវ​ដើម្បី​ទ្រទ្រង់​ដំណើរការ​ប្រតិបត្តិការ​របស់​សួន​តែ​ម្ដង​។ បច្ចុប្បន្នការងារ​សាងសង់សម្រេច​បាន​ប្រមាណ​៨០% ហើយ ដោយបានរៀបចំស្រះទឹក​បែប​ធម្មជាតិ​​ និងមានផែនការរៀបចំថ្នាល​បណ្ដុះ ថ្នាល​តាំង​បង្ហាញ និងឌីសាញផ្នែកខាងក្នុងជាបន្តបន្ទាប។

ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​សួននេះកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ទិន ពន្លក អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. បាន​​កោតសរសើរ​ចំពោះ​នាយកដ្ឋាន​ជីវៈចម្រុះ​ ដែល​បាន​សហការ​ល្អ​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប និង​ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse រៀបចំ​សាងសង់​សួន​នេះ​ឡើង​។

លោក បាន​ចាត់​ទុក​សួន​ថ្មី​នេះ​ នឹង​ក្លាយ​ជា​សួន​កេសរកូល​ព្រៃធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​រួម​ចំណែក​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​របស់​ប្រទេស​កម្ពុជា។ លោក​ ក៏បាន​លើក​ទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការ​​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​កេសរកូល​ព្រៃ​បន្ត​ទៀត​ ដែល​នេះ​​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ជីវៈចម្រុះ និង​ពិធីសារ​ណាហ្គូយ៉ា​ស្តីពី​ABS៕