(ភ្នំពេញ)៖ ​​ក្រុមប្រឹក្សាធម្មនុញ្ញ គ្រោងនឹងបើកសវនាការជាសាធារណៈលើករណីបុគ្គល៣នាក់ ដែលជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើតាមការឲ្យដឹងពីក្រុមប្រឹក្សាធម្មនុញ្ញ នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

សវនាការជាសាធារណៈនេះ ​ធ្វើឡើងបន្ទាប់ពី​​អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាធម្មនុញ នៅព្រឹកថ្ងៃទី១០ ខែសីហា​នេះ បានទទួលពាក្យបណ្តឹង​ពី លោក​មេធាវី សំ សុគង់ តំណាងឈ្មោះ ជា ជីវ, ឈ្មោះ ថោង សាវឿន និងឈ្មោះ គ្រុយ គឹមតាំង ដែលពួកគេទាំង៣នាក់ ជាសមាជិក​អតីតគណបក្សសង្គ្រោះជាតិ បានប្តឹងតវ៉ានឹងសេចក្តីសម្រេចលេខ ០០១ គ.ជ.ប​ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅក្នុងខេត្តបាត់ដំបង។

បើតាមក្រុមប្រឹក្សាធម្មនុញ្ញ​​ បណ្តឹងនេះមិនពាក់ព័ន្ធនឹងការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតទេ ពោលដំណើរការប្រកាសលទ្ធផល នឹងត្រូវឡើងជាធម្មតាដូចការគ្រោងទុក។

សូមជម្រាបថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប បានចេញសេចក្តីសម្រេច ដោយកំណត់ឲ្យ​ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវផាកពិន័យ១០លានរៀលដដែល, ឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យ ពី១០លានរៀល មកនៅត្រឹម៥លានរៀល និងចំណែកឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការផាកពិន័យ។

ទោះជាយ៉ាងណា បើតាម​លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការសម្រេចនេះ គឺដោះស្រាយតែបណ្តឹងពាក់ព័ន្ធនឹងតួនាទីរបស់ គ.ជ.ប ប៉ុណ្ណោះ ប៉ុន្តែចំពោះសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត សម្រាប់បុគ្គលទាំងនោះ មិនមែនជាតួនាទីរបស់ គ.ជ.ប ទេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា បានសម្រេចធ្វើការផាកពិន័យជាទឹកប្រាក់ ចំពោះសមាជិកអតីតគណបក្សប្រឆាំង ចំនួន៥នាក់ខាងលើនេះ ក្នុងម្នាក់ៗចំនួន១០លានរៀល ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត ដែលបំផុសបំផុសដោយ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ៕