(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសហើយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី ខេត្ត។

តួលេខចុងក្រោយ ដែលបង្ហាញក្នុងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ដែលផ្សព្វផ្សាយនៅព្រឹកនេះ បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់។ 

សម្រាប់លទ្ធផលបណ្តោះអាសន្ននេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកគង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។

ទោះជាយ៉ាងនេះក្តី ក្នុងការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ មិនទាន់ឃើញមានការបង្ហាញចំនួនអាសនៈនៅក្នុងរដ្ឋសភា ដែលគណបក្សនីមួយៗទទួលបាននៅឡើយទេ។ ប៉ុន្តែបើតាមការគណនាតាមរូបមន្ត ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ គឺតាមរយៈសំឡេងដ៏ច្រើនលើសលប់នេះ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈទាំងអស់ចំនួន១២៥ នៅក្នុងរដ្ឋសភាតែម្តង។

យ៉ាងណាក៏ដោយ បន្ទាប់ពីប្រកាសលទ្ធផលបណ្តោះអាសន្ននេះ គ.ជ.ប ក៏អនុញ្ញាតឱ្យគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោត ដាក់ពាក្យប្តឹងតវ៉ាផងដែរ ប្រសិនបើជំទាស់ទៅនឹងការប្រកាសលទ្ធផលនេះ។ បើសិនជាការប្តឹងជំទាស់មិនកើតមាន ឬដោះស្រាយទាន់ពេលវេលា លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តែម្តង៕

ខាងក្រោមនេះជាលទ្ធផលបណ្តោះអាសន្នទាំងស្រុង ដែលបង្ហាញដោយគ.ជ.ប៖