(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នជូនសាធារណជនឲ្យជ្រាបថា បន្ទាប់ពីផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់ជាច្រើនដំណាក់កាលនោះ តាមលទ្ធផលបណ្តោះអាសន្នឃើញថា អត្រាប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនពី ៨២.៨៩% ទៅដល់ ៨៣.០២%។

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសហើយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី ខេត្ត។

តួលេខចុងក្រោយ ដែលបង្ហាញក្នុងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ដែលផ្សព្វផ្សាយនៅព្រឹកនេះ បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់៕

ខាងក្រោមនេះជាលទ្ធផលបណ្តោះអាសន្នទាំងស្រុង ដែលបង្ហាញដោយ គ.ជ.ប៖