(ភ្នំពេញ)៖ សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស ថ្មីៗនេះបានសេចក្តីសម្រេចមួយ តែងតាំងបុត្ររបស់ព្រះអង្គ១រូប ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ម៉ារី រណឫទ្ធិ ដែលត្រូវបានសម្តេចក្រុមព្រះ សម្រេចឱ្យធ្វើជាប្រធានស្តីទី នៃគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។
ក្រៅពីការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំង អគ្គលេខាធិការរងម្នាក់ ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។
លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១១ ខែសីហានេះថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលសេចក្តីសម្រេចនេះហើយ ហើយថ្នាក់ដឹកនាំទាំងអស់នឹងដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចប្រធានគណបក្ស។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងដំណំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ី ជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុកក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ ចំណែកសម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាល នៅក្រៅប្រទេសរហូតមក។
គិតរហូតមកដល់ពេលនេះ ព្រះសុខភាពពិតប្រាកដរបស់សម្តេចក្រុមព្រះ ដែលមានព្រះជន្ម៧៤ព្រះវស្សា នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច បាននិយាយថា ព្រះសុខភាពរបស់ព្រះអង្គ មានភាពប្រសើរជាងមុនបន្តិចហើយ។ ប៉ុន្តែទោះជាយ៉ាងណា កាលពីមុនបោះឆ្នោត គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីប្រកាសថា ព្រះអង្គនឹងយាងចូលរួមបោះឆ្នោតនៅកម្ពុជា ប៉ុន្តែជាក់ស្តែងព្រះអង្គមិនបានយាងមកបោះឆ្នោត តាមការប្រកាសទេ៕