(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីក្រោមឱវាទ និងមានការចូលរួមពីមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងបានផ្តល់ធុងចម្រោះទឹកស្អាត និងសម្ភារប្រើប្រាស់ដែលរងគ្រោះចំនួន៣៥១គ្រួសារ ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សម្ភារដែលត្រូវផ្តល់ជូន ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិទាំង៣៥១គ្រួសារ រួមមាន៖ ធុងចម្រុះទឹកស្អាត, បង្គន់អនាម័យបណ្តោះអាសន្ន, ធុងជ័រយួរដៃចំណុះ២០លីត្រ, ធុងជ័រយួរដៃ, ពីដុងជ័រដាក់ទឹក, សាប៊ូ និងថ្នាំពេទ្យ។

លោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រី និងក្រុមការងារ មានការត្រេតអរ ដោយឃើញស្ថានភាព នៃគ្រោះទឹកជំនន់បានស្រកបណ្តើៗ ហើយឃើញស្ថានភាពរបស់បងប្អូន មានសុខភាពល្អ ក្នុងការរស់នៅ ពុំមានជម្ងឺឈឺស្កាត់អី្វនោះ ក្នុងរយៈពេលជួបបញ្ហា ដ៏ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិទឹកជំនន់ តាំងពីខែកក្កដាកន្លងមកដល់ថ្ងៃនេះ។

លោកស្រី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាព ក្នុងក្រុមគ្រួសារក្នុងបរិភោគអ្វី ឲ្យមានអនាម័យល្អ គ្រប់ពេលវេលា ដើម្បីគេចឲ្យផុតពីជម្ងឺផ្សេងៗ ព្រោះសុខភាពជាចម្បង។ ដើម្បីសុខភាពបងប្អូន រដ្ឋបាលសាលាខេត្ត បានសហការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ នាំមកនូវសម្ភារប្រើប្រាស់មួយចំនួន ជូនបងប្អូនដូចឃើញនៅនឹងមុខនេះស្រាប់ ដើម្បីឲ្យបងប្អូនបានយក ទៅប្រើប្រាស់ ដើម្បីសុខភាពក្នុងក្រុមគ្រួសារមានសុខភាពល្អ។

លោកស្រី បានបញ្ជាក់បន្ថែមថា បងប្អូនមិនត្រូវមានអី្វព្រួយបារម្មណ៍ ព្រោះរាល់ថ្ងៃនេះ រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ ចំពោះបងប្អូនខ្លាំងណាស់ ដោយមិនទុកឲ្យបងប្អូនណាម្នាក់ ស្លាប់ដោយសារអត់ឃ្លានឡើយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានផ្តល់ជូនថវិកាចំនួន៤ម៉ឺនរៀលទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ អ្នកមានផ្ទៃពោះសម្រាលកូនក្នុងមន្ទីរពេទ្យទូទាំងប្រទេស។

លោកស្រី បានបញ្ជាក់ថា នៅពេលទឹកស្រកអាចបង្កបង្កើនផល បានលោកស្រីនឹងផ្តល់ពូជស្រូវ ពោតសណ្តែក មាន់ទារ ជូនបងប្អូនដើម្បីបន្តកសិកម្មបង្កបង្កើតផលទៅតាមសំណូមពររបស់បងប្អូន៕