(ភ្នំពេញ)៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ យកទៅប្រគល់ជូន​លំនៅដ្ឋានប្រជាពលរដ្ឋ តាមជួរមាត់ទន្លេ ចំនួន៥៤គ្រួសារ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលរងការជន់លិច។

អំណោយដែលយកទៅប្រគល់ជូនក្នុងឱកាសនោះ រួមមាន​៖ គ្រឿងឧបភោគបរិភោគ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ជា ពិសី បានថ្លែងថា ចំពោះគ្រឿងឧបភោគបរិភោគ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាន​នាំយកមកឧបត្ថម្ភជូន​ប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតតែមិនមានចំនួនច្រើន តែអាចជួយដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំនួន ដែលជាទឹកចិត្តសប្បុរសធម៌​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ រហូតដល់ក្រុង​ដ៏រាបណាប្រទេសកម្ពុជាយើង នូវតែទទួបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍​លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

បន្ថែមពីនេះ លោកក៏បាននាំនូវការផ្ញើពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយឲ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះមិនប្រកាន់ពូសសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ​ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ លោក ជា ពិសី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោត ជូន​គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងខ្លាំង ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦​កន្លងទៅ ដោយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា បងប្អូនបានសម្ដែងពីឆន្ទះគាំទ្រយ៉ាងពេញទំហឹងចំពោះ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត ក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន៕