(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះមកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន៣,៤៦៧នាក់ ដែលបានអញ្ជើញមកពីឃុំតំបែរ និងឃុំគោកស្រុក នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋឥតឈប់ ឈរ និងគ្រប់កាលៈទេសៈ។

លោកបានថ្លែងបញ្ជាក់ថា លទ្ធផលដែលស្រុកតំបែរទទួល បានយ៉ាងធំធេងនេះ សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា៖

១៖ ប្រជាជនត្រូវការសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ចរីកចម្រើន និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

២៖ ឃើញច្បាស់ពីការដឹកនាំ ដ៏ប៉ិនប្រសប់របស់សម្តេចដែល បានរំដោះប្រទេសជាតិ ពីគ្រោះមហន្តរាយនៃសង្គ្រាមស៊ីវិលរាំរ៉ៃ មកជាប្រទេសវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

៣៖ សំឡេងគាំទ្រយ៉ាងច្រើនលើសលុប បានបង្ហាញពីឆន្ទះមោះមុតរបស់ពលរដ្ឋ ដែលបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់សិទ្ធិជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។

លោក បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ជាអនេកជូនចំពោះម្ចាស់សំឡេងឆ្នោត ប្រធាន-អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំ ភូមិ អាជ្ញាធរមូល ដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងរហូតសម្រេចទទួល បានជ័យជំនះនាថ្ងៃនេះ។

ដើម្បីបន្តរក្សាជ័យជំនះនេះ លោក វេង សាខុន បានផ្តាំផ្ញើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ និងភូមិត្រូវយកចិត្តទុកដាក់ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺត្រូវ៖

១៖ បន្តចុះជួយពលរដ្ឋដោយស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ សកម្មទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុនថែមទៀត។

២៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំ យកចិត្តទុកដាក់អនុវត្តគោលនយោបាយទាំង០៩ ចំណុចរបស់គណបក្សប្រជាជនឲ្យបានល្អប្រសើរ។

៣៖ បន្តអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់បែប យ៉ាងជូនប្រជាពលរដ្ឋ និងត្រូវបន្តអនុវត្តគោលនយោបាយ ក៣ ដោយមិនត្រូវធ្វើការរើសអើង លាបពណ៌ ចោទ ប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិយើង។

៤៖ ថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពិសេសសមិទ្ធផលដែលរាជរដ្ឋាផិបាលបានកសាងឡើង៕