(តេហេរ៉ង់)៖ មេបញ្ជាការទ័ព​ជើងទឹកអ៊ីរ៉ង់​លោក​ឧត្តមនាវីទោ ហូស្សេន ខាន់ហ្សាឌី (Hossein Khanzadi) បានសន្យាថា ប្រទេសរបស់ខ្លួន​នឹងថែរក្សាសន្តិសុខ​​សម្រាប់ច្រកផ្លូវ​ធ្វើពាណិជ្ជកម្មនានា ដែលស្ថិតក្នុងដែនសមុទ្រ​របស់​អ៊ីរ៉ង់ នៅតំបន់​ភាគខាងជើង និងខាងត្បូង។ នេះបើតាមការដក​ស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

លោក Khanzadi បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «កងទ័ពជើងទឹក​នឹងផ្តល់ការធានា​សុវត្ថិភាព ដល់​រាល់ការនាំចេញ ​និងនាំចូលរបស់​អ៊ីរ៉ង់ នៅលើដែនទឹក​ភាគខាងកើត និងខាងត្បូង ជាទីដែល ០៩ភាគរយ​នៃការនាំចេញ និងនាំចូលរបស់អ៊ីរ៉ង់​ត្រូវបានធ្វើឡើង​ដោយ​ពួកយើងមាន​នូវសម្ភារៈ និងកម្លាំងគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខ​នៅលើដែន​សមុទ្រ លើផ្ទៃមេឃ និងតាម​បណ្តោយ​ឆ្នេរ»។

គួរជម្រាបថា សេចក្តីប្រកាស​របស់មេទ័ពជើងទឹកអ៊ីរ៉ង់​រូបនេះ បានកើតមានឡើង បន្ទាប់ពីកញ្ចប់ទណ្ឌកម្ម​​​ទីមួយរបស់​សហរដ្ឋអាមេរិក​​ប្រឆាំងនឹងអ៊ីរ៉ង់ ដែលពីមុនមក​ត្រូវបានដកចេញ នៅក្រោម​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ឆ្នាំ២០១៥នោះ ទើបតែចូលជា​ធរមានវិញកាលពី​​​ដើម​សប្តាហ៍នេះ ក្រោមបញ្ជា​ប្រតិបត្តិរបស់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ៕