(ភ្នំពេញ)៖ លោក យូ តារាវុធ ជាអ្នកកាសែតជំនាន់ទី១ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងកំពុង​សម្រាក​នៅលើកន្ទេល អស់រយៈពេល២ឆ្នាំមកហើយ បច្ចុប្បន្ន លោក​កំពុងរស់នៅក្នុងផ្ទះរបស់កូនស្រី​យ៉ាង​ស្ងៀ​មស្ងាត់ជាមួយ​ភរិយា​។ ប៉ុន្ដែឥឡូវនេះជំងឺរបស់លោក ហាក់​មិន​អាច​​ថយក្រោយដូចធម្មតាបានឡើយ មានតែដំណក់ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់ ធ្លាក់ទៅគុមត្រចៀក នៅពេលលោកបានឃើញ​មិត្តភ័ក្រអតីតរួមអាជីព​​ទៅសួរសុខទុក្ខ ដោយមិនអាចនិយាយរួច។

​អ្នកកាសែតជើងចាស់ភាគច្រើន​ច្បាស់ជាស្គាល់ឈ្មោះលោក យូ​​ តារាវុធ ជាក់ជា​ពុំខាន ព្រោះលោក​ជាធនធាន​មនុស្ស​ដែល​សេស​សល់​ពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ហើយ
នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ លោក​បាន​​ចូល​មកទីក្រុងភ្នំពេញ និងបាន​ចាប់យកអាជីព​ជាអ្នកសារ​ព័ត៌​មាន ជាមួយអ្នកសារព័ត៌មាន​ជើងចាស់​មួយ​ចំនួនទៀត។

សូមជម្រាបថា លោក យូ តារាវុធ បានទៅសិក្សា​អាជីពសារព័ត៌មានជំនាន់ទី១ នៅប្រទេសវៀតណាម​ នៅចុងឆ្នាំ១៩៧៩ ហើយឆ្នាំ១៩៨១ លោក យូ តារាវុធ បានចូលបម្រើជាអ្នកកាសែត និងទស្សនាវដ្តី​
កងទ័ព ចំណុះឲ្យអគ្គស្នងការ​នយោ​បាយ ក្រសួងការពារជាតិ​។ លោក យូ តារាវុធ ជាអ្នកនិពន្ធប្រលោមលោក (​ល្ខោននិយាយ​) ដ៏ល្បីឈ្មោះមួយរូប ក្នុងចំណោមអ្នកនិពន្ធ​មួយ​ចំនួនទៀតនាជំនាន់នោះ​។

អ្នកនិយមស្តាប់ល្ខោននិយាយ នៅក្នុងសម័យក្រោយរំដោះ ប្រហែលជាចាំច្បាស់​ព្រោះ​ស្នា​ដៃរបស់លោក ត្រូវបានគេចាក់ផ្សាយ​តាមវិទ្យុសម្លេងប្រជាជនកម្ពុជា (​បច្ចុប្បន្នវិ​ទ្យុជាតិកម្ពុជា​) និងវិទ្យុ​ក្រុងភ្នំ​ពេញ (​AM​)​​។ ឆ្នាំ១៩៩២ លោក យូ តារាវុធ បានផ្ទេរពីកាសែតកងទ័ព មកធ្វើជានិពន្ធនាយក​កាសែតប្រជាជន ដោយផ្តាច់​ចេញ​​ពីក្របខណ្ឌកងទ័ព​។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោក យូ តារាវុធ ក៏បានត្រឡប់​ចូល​ក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទវិញ នៅឆ្នាំ២០០៤ រហូតមក​ដល់​បច្ចុប្បន្ន​ក្នុងឋានន្តរសក្ដិវរសេនីយ៍ឯក​។

ជាមួយ​ស្ថានភាពជំងឺដែលចេះតែវិវត្តន៍ទៅមុខនេះ ក្រុមគ្រួសាររបស់លោក យូ តារាវុធ បានលើកម្រាមដៃ១០ អំពាវនាវដល់សប្បុរសជន និងថ្នាក់ដឹកនាំមេត្តាជួយឧបត្ថម្ភដល់រូបគាត់ដើម្បីបានថវិកាព្យាបាលជំងឺបន្ត ព្រោះពេលនេះក្រុមគ្រួសារកំពុងតែជួបការលំបាកខ្លាំង អស់លទ្ធភាពក្នុងការព្យាបាលទៅហើយ៕​