(សៀមរាប)៖ ជាមួយនឹងវត្តមានភ្ញៀវទេសចរដ៏ច្រើនកុះករ ដែលកំពុងធ្វើដំណើរទៅមកទស្សនាប្រាសាទអង្គរជាប់ឥតដាច់នោះ គេឮសំឡេងពពាយនាយក្រោមដើមត្នោតខ្ពស់ល្មមមួយដើម ខាងស្ដាំសិលាវិថីចូលប្រាសាទអង្គរវត្ត នោះគឺលោក គីម អ្នកលក់ទឹកត្នោតផ្អែម ដែលកំពុងប្រើវោហារដ៏រួសរាយរាក់ទាក់អន្ទងចិត្តភ្ញៀវទេសចរឱ្យចូលទិញទឹកត្នោតផ្អែមរបស់ខ្លួន។

ក្រៅពីទឹកមុខញញឹមពព្រាយដ៏ទាក់ទាញតាមទម្លាប់ជនជាតិខ្មែរ និងការតាំងលម្អនូវបំពង់ទឹកត្នោត ទុំត្នោត ក្ដឹបត្នោត ក្តត្នោត បង្អោងឡើងត្នោត ភ្ជាប់ជាមួយដើមត្នោតមួយដើមនៅខាងក្រោយខ្នង លោក គីម ជាអ្នកខេត្តកំពង់ចាម សម្បុរខ្មៅស្រអែម អាចនិយាយជាមួយភ្ញៀវទេសចរអន្តរជាតិសម្រាប់លក់ទឹកត្នោតរបស់ខ្លួនបានច្រើនជាង៥ភាសា ដូចជា ចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ ថៃ ជាដើម។

ទឹកត្នោតដែលលោក គីម យកមកលក់ជូនភ្ញៀវទេសចរនៅមុខប្រាសាទអង្គរវត្តនោះ គឺឡើងយកពីដើមត្នោតទាំងឡាយដែលនៅជុំវិញប្រាសាទអង្គរវត្ត ដោយទទួលបានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ។

ក្នុងមួយថ្ងៃ លោក គីម លក់ទឹកត្នោតផ្អែមបានប្រមាណ១៥លីត្រ ដោយក្នុង១លីត្រអាចបំបែកបាន៥កែវជ័រ ហើយលោកលក់១កែវជ័រថ្លៃ ២,០០០រៀល។ លោកថាបើទឹកត្នោតនេះលក់មិនអស់ លោកយកទៅរំងាស់ជាស្ករត្នោតបានទៀតផងដែរ ពោលគឺមិនដែលទុកលក់ជូនភ្ញៀវទេសចរនៅថ្ងៃស្អែកទេ ពីព្រោះទឹកត្នោតមិនអាចទុកលើសពីមួយថ្ងៃឡើយ។

បើនិយាយពីចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរវិញ លោក គីម បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិក៏ចាប់អារម្មណ៍ភ្លក្សទឹកត្នោតផ្អែមគួរសមដែរ ពិសេសគឺភ្ញៀវចិន។

សូមទស្សនាវីដេអូដែលបង្ហាញពីសកម្មភាពលក់ទឹកត្នោតរបស់លោក គីម នៅមុខប្រាសាទអង្គរ៖