(សៀមរាប)៖ ​នាយឧត្តមសេនីយ៍ ជា តារា ​ប្រធានក្រុមការងារចុះជួយឃុំមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមួយកន្លែង ឆ្លងកាត់អូរនៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលកសាងដោយកម្លាំងមហាសាមគ្គីរបស់ ក្រុមការងារសាកលវិទ្យាល័យការពារជាតិ និងប្រជាជនភូមិដូននំ​។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ចប់ពេលបោះឆ្នោតហើយ មិនបាននាំគ្នាចុះទៅបម្រើ ប្រជាពលរដ្ឋឡើយ ពោល​នៅតែបន្តធ្វើជាប់ជាប្រចាំ ពិសេសជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដោយស្មោះត្រង់បំផុត ស្របតាមបំណង​ប្រជាជនបានផ្ដល់ការជឿទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា ដោយបានចេញទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា​រហូតដល់៨៣.០២% ក្នុងនោះឃុំមានជ័យ​៨៦.៤​​% បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីឲ្យខ្លួនមានពេលវេលាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនបន្តទៀត។

នាយឧត្តមសេនីយ៍ ជា តារា អមដោយថ្នាក់ដឹកនាំ​យោធាចារ្យសាកលវិទ្យាល័យការពារជាតិ រដ្ឋអំណាចមូលដ្ឋាន ស្រុកប្រាសាទបាគង បានបន្តចុះដល់មូលដ្ឋា​ន ភូមិទាំង៦ ចូលរួមសប្បាយរីករាយជាមួយប្រជាជន និងថ្លែងអំណរគុណ​ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ​ជូនប្រជាពលរដ្ឋ​បានយល់ដឹង។

បើតាមនាយឧត្តមសេនីយ៍ គណបក្សប្រជាជន​បានទទួលជ័យជម្នះ នៅទូទាំងប្រទេស​និយាយជារួម និងនិយាយដោយឡែក ​ចំពោះឃុំមានជ័យ ទទួលបានជ័យជម្នះ​យ៉ាងភ្លូកទឹកភ្លូកដី ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់​ពេញចិត្តការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន និងត្រូវការសម្តេច​ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍ​បន្តទៀត។​

បន្ថែមពីនេះ លោកបានផ្តាំផ្ញើ​ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជានិច្ចកាល​សម្តេចទាំងទ្វេ តែងគិតគូរពីសុខទុក្ខ​ការលំបាក និងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។​ ជាពិសេសនៅទីនេះ មានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានក្រុមការងារ​នៅជាប់ជានិច្ចជាមួយ​ប្រជាពលរដ្ឋជាប្រចាំ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជា តារា ក៏បានធ្វើការស្វែងយល់អំពីសំណើ និងតម្រូវការផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋមកដោះស្រាយ ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ​ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនទ្វេដង​ផងដែរ៕