(កំពង់ចាម)៖ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់សរុបចំនួន៣៥០គ្រួសារ រស់នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានទទួលអំណោយពីលោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជនតាមរយៈក្រុមការងារ ជនបង្គោលយុវជនស្រុកព្រៃឈរ។

ពិធីចែកអំណោយ និងសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ ខាងលើនេះ បានធ្វើឡើងនៅទីទួលសុវត្ថិភាពទួលបេង ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកនៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីនេះ លោក ជ្រុន ថេរ៉ាវ៉ាត់ និងលោក ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់លើកត្តាអនាម័យ សុខភាព និងសុវត្តិភាព។

លោកបានបន្ថែមថា ជាពិសេសបង្កើនការប្រុងប្រយ័ត្នចំពោះកូនក្មេង និងចាស់ជរា ព្រមទាំងបង្ការនូវការរងគ្រោះពីសត្វអសិរពិស និងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាបន្តតាមដានដោយយកចិត្តទុកដាក់ ក្នុងការជួយទៅដល់ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ តាមគ្រប់មធ្យោបាយ និងលទ្ធភាព។

លោក ជ្រុន ថេរ៉ាវ៉ាត់ និងលោក ហេង ណន ក៏បានបញ្ជាក់ទៀតថា ពិតមែនតែនេះជាអំណោយគណបក្សប្រជាជនកម្ពុជា តែយើងមិនបានប្រកាន់នូវនិន្នាការនយោបាយ ក្នុងការចែកនូវអំណោយមនុស្សធម៌នេះឡើយ ឲ្យតែជាប្រជាពលរដ្ឋរងគ្រោះ គឺនឹងទទួលបាននូវអំណោយនេះដូចៗគ្នា។

លោកបន្ដថា ដែលនេះសបញ្ជាក់ឃើញពីភាពចាស់ទុំ របស់គណបក្សប្រជាជនកម្ពុជា, គណបក្សប្រជាជនកម្ពុជាកើតពីប្រជាជន នៅជាមួយប្រជាជន និងធ្វើអ្វីៗ ដើម្បីប្រជាជន, គណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយប្រជាជន គ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាដែលមានការលំបាក តែងតែមានមុខក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយជានិច្ច។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី អាណិត្តទី៦ បន្តទៅមុខទៀត ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ ថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ។

សូមជម្រាបថា អំណោយផ្តល់ជូនប្រជាពលរដ្ឋក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ១ដប និងទឹកសុទ្ធ១យួរ។ ក្រោយពីការចែកអំណោយដល់ប្រជាពលរដ្ឋ និងពិនិត្យស្ថានភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋរួច ក្រុមការងារក៏បាននាំយកនូវទ័យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនជូនព្រះសង្ឃ ដែលគង់នៅក្នុងវត្តកំពង់សំណាញ់ ដែលកំពង់តែរងគ្រោះដោយទឹកជំនន់ផងដែរ៕