(ភ្នំពេញ)៖ លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារលិខិតជូនសមាជិក សម្តែងការត្រេកអរយ៉ាងខ្លាំងចំពោះលទ្ធផល ដែលគណបក្សលោកជាបក្សនយោបាយថ្មី​ ទទួលបានការគាំទ្រពីពលរដ្ឋខ្ពស់ជាង គណបក្សនយោបាយចំនួន១៦ផ្សេងទៀត។​នេះបើយោងតាមសារលិខិតថ្លែងអំណរគុណ របស់គណបក្សឆន្ទៈខ្មែរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

នៅក្នុងសារលិខិតថ្លែងអំណរគុណនេះលោក គង់ មុនីកា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំ គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ លេខរៀងទី១៧ សញ្ញាព្រះអាទិត្យថ្មី មានមោទនភាព និងសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដែលគ.ជ.ប បានប្រកាសនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ រួចមកនេះ ក្នុងឋានៈជាគណបក្សនយោបាយថ្មី ទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋខ្ពស់ជាងគណបក្សនយោបាយចំនួន១៦ទៀត»

លោក គង់ មុនីកា បានកោតសរសើរស្មារតីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានពុះពារជំនៈគ្រប់ឧបសគ្គពិសពុល ដែលសាបព្រួសឥទ្ធិពលអវិជ្ជមាន ដល់ដំណើរការបោះឆ្នោតផង និងដល់ភាពសុខចម្រើនបន្ទាប់ពីបោះឆ្នោតផង ពីសំណាក់មជ្ឈដ្ឋានមួយចំនួន។ ភាពភ្លឺស្វាងរបស់ប្រជាពលរដ្ឋខ្មែរ គឺមិនបណ្តោយឱ្យអ្នកដាក់កំហិតកុំឱ្យទៅបោះឆ្នោត និងមិនបណ្តោយឱ្យអ្នកកំហែងឱ្យបោះឆ្នោត បំពានសិទ្ធិរបស់ខ្លួនបានសោះឡើយ។

លោកបានបន្តថា ជាមួយគ្នានេះ សំឡេងអ្នកគាំទ្រគណបក្សឆន្ទៈខ្មែរ គឺជាសំឡេងអ្នកស្នេហារបបប្រជាធិបតេយ្យសេរី និងអ្នកស្ម័គ្រស្មោះ ឱ្យមានការផ្លាស់ប្តូរពិតប្រាកដដោយមិនផ្ញើវាសនាខ្លួន និងប្រទេសជាតិខ្លួនដោយងងឹតងងុលលើបុគ្គល និងក្រុមអ្នកនយោបាយ ដែលមិនធ្លាប់តម្កល់តួនាទីជាម្ចាស់របស់ប្រជាពលរដ្ឋពិតប្រាកដឡើយ។

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់គណបក្សឆន្ទៈខ្មែរ ដូចខាងក្រោម៖