(ភ្នំពេញ)៖ ថ្នាំញៀន​លាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ត្រួវ​កម្លាំងសមត្ថកិច្ចបង្ក្រាបបានជិត១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនម្នាក់។

របាយការណ៍របស់សមត្ថកិច្ចដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន មកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ​បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើ​ចេញពី​ប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ​ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង​រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប៩៨គីឡូក្រាម។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕​