(ត្បូងឃ្មុំ)៖ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (​ស.យ.ម.ក) ដឹកនាំដោយ លោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធ និង​លោកស្រី ម៉ាន ណាវី បេក្ខភាពតំណាងរាស្រ្តមណ្ឌលភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋសាសនិកឥស្លាម ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅក្នុងភូមិព្រែកតូច ឃុំជីរោរ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ លោកក៏មាន​ការនាំយកនូវអំណោយចំនួន​១៣០​កញ្ចប់ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន​១៣០គ្រួសារ ដែលរងគ្រោះ រួមមានដូចជា អង្ករ មី ស្កសរ សណ្តែកបាយ ច្រាសដុះធ្មេញ ថ្នាំដុសធ្មេញ និងសាប៊ូដុះខ្លួនជាដើម។

លោក ណាសៀត អូស្មាន បានក្រើនរំលឹកដល់​ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ គួរមានការប្រុងប្រយ័ត្នខ្ពស់ការពារ រាល់ឧបទ្ទវហេតុផ្សេងៗ ដែលកើតមានជាយថាហេតុ ជាពិសេសការមើលថែរក្សាកូនៗ និងចាស់ជរា ខ្លាចមានការលេចលង់ទឹក ឬបញ្ហាផ្សេងៗ និងបានប្រាប់ឲ្យថែរក្សាអនាម័យ នៃការរស់នៅស្អាត ហូបចុកស្អាត ដើម្បីការពាររាល់ជំងឺនានាផងដែរ។

បន្ថែមពីនេះ លោកស្រី ម៉ាណ ណាវី បេក្ខជនតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានលើកឡើងថា មិនថាទុក្ខលំបាកដោយការរងគ្រោះដោយសារទឹកជំនន់ ឬបញ្ហានានារបស់សហគមន៍​របស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាលដូចគ្នា ហេតុនេះហើយ​ក្នុងនាមជាបេក្ខភាពតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលភ្នំពេញ សូមចូលរួមរំលែកទុក្ខចំពោះបញ្ហាទឹកជំនន់ ដែលបងប្អូនទទួលរងគ្រោះ។

​ដ្បិតនេះ គឺជាគ្រោះធម្មជាតិមួយ ដែលជារៀងរាល់ឆ្នាំ វាតែងតែមានការប៉ះពាល់ដល់តំបន់បងប្អូន ដែលរស់នៅជុំវិញទន្លេមេគង្គ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើន តែងតែត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការ សមាគមនានា បានតែងតែចុះជួបសួរសុខទុក្ខ​ និងនាំអំណោយ ចូលរួមដោះស្រាយសម្រាលទុក្ខលំបាកផងដែរ៕