(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់វិស័យអប់រំ​នៅកម្ពុជាឲ្យកាន់តែមានវិសាលភាព ព្រមទាំងមានការទទួលស្គាល់ជាសកលោក ស្ថាប័នអប់រំល្បីៗ បានរួមសហការគ្នាបង្កើតការិយាល័យបណ្ដុះបណ្ដាលការសិក្សាមួយ ដែលមានឈ្មោះថា «Global Student Cambodia»។

ការបង្កើតការរិយាល័យ «Global Student Cambodia» ត្រូវបានសហការ និងចុះកិច្ចអនុស្សរណៈ​​ រវាងស្ថាប័នអប់រំចំនួន៣រួមមាន៖ ស្ថាប័នអប់រំអេជី ដែលមានសាលាអន្តរជាតិ ហ្គ្រេនម៉ោន និងសាលារៀនអារីហ្សូន ជាបុត្រសម្ពន្ធ, ក្រុមហ៊ុន MC Global Asset និងក្រុមហ៊ុន Global Student នៃប្រទេស New Zealand។

ការបង្កើត​ការិយាល័យ Global Student Cambodia នៅកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងគុណភាពនៃការសិក្សា និងពង្រីកវិសាលភាពស្ថាប័នអប់រំ ឱ្យកាន់តែទូលំទូលាយ និងមានការទទួលស្គាល់ជាសាកល។

ពិធីចុះអនុស្សរណៈ យោគយល់គ្នានេះ ប្រព្រឹត្តឡើង ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្រុមហ៊ុនបី រួមមាន៖ លោកវេជ្ជបណ្ឌិត ជា សុខឃាង អគ្គនាយកស្ថាប័នអប់រំអេជី, លោកបណ្ឌិត Clement Chak នាយកប្រតិបត្តិ ក្រុមហ៊ុន MC Global Asset និងលោកស្រីបណ្ឌិត Bridget Egan អគ្គនាយិកាក្រុមហ៊ុន Global Student នៃប្រទេស New Zealand។

សូមបញ្ជាក់ថា គោលបំណងនៃពិធី ចុះអនុស្សារណៈយោគយល់គ្នាខាងលើនេះ ធ្វើឡើងដើម្បីផ្តល់សេវាទីប្រឹក្សាយោបល់សម្រាប់ការបន្តការសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតក្រោយឧត្តមសិក្សា ទៅបណ្តាលប្រទេសនានានៅលើពិភពលោក ដែលក្នុងនោះរួមមាន៖ ចិន, សហរដ្ឋអាមេរិក, រុស្សី, ចក្រភពអង់គ្លេស, បារាំង,ជប៉ុន, ប្រទេស New Zealand, អូស្រ្តាលី, កាណាដា, អាល្លឺម៉ង់, អ៊ីតាលី, ហូឡង់, អៀកឡង់, ហ្វាំងឡង់, ម៉ាល់តា, អាហ្វ្រិកខាងត្បូង, សាធារណៈរដ្ឋឆេក , អេស្ប៉ាញ, ម៉ិចស៊ិកកូ, ស្វីស, និងប្រទេសម៉ាឡេស៊ី៕